(ព្រៃវែង)៖ ស្ថានភាពការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋខេត្តព្រៃវែង នៅដើមរដូវវស្សាឆ្នាំ២០២២នេះ មានល្បឿនយឺតបន្តិចជាងឆ្នាំ២០២១ ខណៈដែលមានល្បាយទឹកភ្លៀងមិនសូវអំណោយផលល្អ។ គិតត្រឹមខែ១៨ កក្កដា ឆ្នាំ២០២២ ប្រជាពលរដ្ឋ បានព្រោះស្រូវបានចំនួនចំនួន ១៩៤,៦០០ហិកតា ស្មើនឹង ៧៧,៨៤%។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្ដព្រៃវែង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ថា «ការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះ ពលរដ្ឋខេត្តព្រៃវែង បានព្រោះស្រូវសរុបចំនួន ១៩៤,៦០០ហិកតា គិតជាភាគរយ ៧៧,៨៤%។ តួរលេខនេះមានការយឺតយ៉ាវបន្តិចជាងឆ្នាំទៅ ដោយសារល្បាយទឹកភ្លៀងនៅតាមបណ្ដាស្រុកក្រុងមួយចំនួនពុំគ្រប់គ្រាន់ ប្រជាពលរដ្ឋព្រោះស្រូវគោក តែទោះយ៉ាងណាអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ និងមន្ទីរជំនាញនឹងខិតខំជំរុញការបង្កបង្កើនផលស្រូវរដូវវស្សានេះឱ្យបានគ្រប់ ១០០ភាគរយ នៅក្នុងខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
លោកបានបន្តថា ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាប្រមូលផលសរុប ៣០,២៥៩ហិកតា និងល្បឿនបង្កបង្កើនផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវវស្សាដំណាំសាកវប្បកម្ម អនុវត្តន៍សរុប ១,៥៩១ហិកតា, បន្លែគ្រប់មុខចំនួន ១,៥៦៧ហិកតា ពោតសចំនួន ៩ហិកតា និងម្ទេសចំនួន ១៥ហិកតា។
លោកបានបន្តថា ចំពោះដំណាំឧស្សាហកម្ម អនុវត្តន៍បានសរុប៦,០០៤ហិកតា ពោតក្រហម ២,៨៩០ហិកតា សណ្ដែកបាយ៨៤០ហិកតាសណ្ដែកដី ៤៦ហិកតា ល្ង១២១ហិកតាអំពៅ៤៦៩ហិកតា ឈូក១,៣៣៨ហិកតា។
ជាមួយគ្នានេះលោក អ៊ុក សំណាង បានបន្ថែមថា ល្បឿនប្រមូលផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវប្រាំងដំណាំសាកវប្បកម្ម ប្រមូលផលសរុប ១៣,៧៨១តោន បន្លែគ្រប់មុខ១៣,៧២៥តោន។ ដំណាំឧស្សាហកម្ម ប្រមូលផលសរុប ៤,៦០១តោន អំពៅ ១,០៥០តោន ល្ង៤៨តោន ពោតក្រហម ១,៥២៥តោន សណ្តែកដី៥៧តោន ឈូក១,១៨៣តោន សណ្តែកបាយ៧៣៧តោន។
«ជាមួយគ្នានេះការនាំផ្លែស្វាយទៅប្រទេសវៀតណាម សរុប ៣២,៦៨៥តោន ក្នុង១សប្ដាហ៍ មានចំនួន២៣៤តោន និងតម្លៃ ៨៤៤រៀល ក្នុង១គីឡូក្រាម។ ចំពោះស្រូវនាំចេញទៅប្រទេសវៀណាម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ស្រូវនាំចេញសរុប ៩២៤,១២៣តោន ស្រូវចេញក្នុងសប្ដាហ៍ ២៤,៩១៣តោន តម្លៃស្រូវ IR504 ស្មើ៩១០ រៀល, តម្លៃស្រូវ OM5451ស្មើ៩២០រៀល»។ នេះជាការឱ្យដឹងបន្ថែម របស់លោក អ៊ុក សំណាង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអះអាងថានឹងបន្តឱ្យខេត្តព្រៃវែងមានសន្ទុះក្នុងការអភិវឌ្ឍផ្នែកកសិកម្មឱ្យបានល្អប្រសើរជាបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាឱ្យកំណើនការផលិតស្រូវ បន្លែ ការចិញ្ចឹមសត្វឱ្យ មានសន្ទុះខ្លាំងឡើងបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមការរយៈកាលផលិតដំណាំកសិកម្មឱ្យបានច្រើន នៅមូលដ្ឋាននាំទៅកាន់ទីផ្សារប្រទេសជិតខាងផងដែរ។
សូមបញ្ចាក់ថាខេត្តព្រៃវែង គឺជាខេត្តមួយដែលធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការផលិតស្រូវបានច្រើនជាងគេផងដែរ៕