(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបង្ក្រាបបានក្នុងបទល្មើសប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
ប្រតិបត្តិការបង្ក្រាបក្រុមចែកចាយគ្រឿងនេះដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខវត្តកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា «ការចុះបង្ក្រាបបានសង្ស័យលួចលក់ និងប្រើប្រាស់គ្រឿងញៀននេះ ក្រោយពី ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានយុវជនមួយក្រុម កំពុងលួចលក់ និងជក់គ្រឿងញៀន នៅចំណុចខាងលើក្នុងនោះ លោកបានអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបបង្ក្រាបបានជនសង្ស័យទាំង៤នាក់ ខាងលើនេះតែម្តង»។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទទឹកកកចំនួន៤កូនថង់កិប និងសម្ភារមួយចំនួន ពីឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកលក់ថ្នាំញៀន ក្រោយពីកម្លាំងអាវុធហត្ថសួរចម្លើយពីឈ្មោះ ឈុន ប៊ុនឈុំ រួចមកកម្លាំងអាវុធហត្ថបានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្តទៀត និងដកហូតវត្ថុតាងរួមមានថ្នាំញៀន ២កូនថង់កិប និង១ថង់ធំ សរុបគ្រឿងញៀម៉្សៅក្រាមពណ៌សចំនួន១កូនថង់ធំ និង៦កូនថង់កិប ស្មើនឹងទម្ងន់ ៣៦,១៣ក្រាម ម៉ូតូចំនួន២គ្រឿង កាំបិតកែឆ្នៃ១ដើម និងសម្ភារមួយចំនួនធំ។
សម្រាប់ជនសង្ស័យចំនួន៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់រួមមានឈ្មោះ ឈឿន បញ្ញារិទ្ធ ប្រុសអាយុ១៨ឆ្នាំ អ្នកប្រើប្រាស់, ទី២៖ ឈ្មោះ ឈៀន ពិសិដ្ឋ ប្រុសអាយុ១៧ឆ្នាំ អ្នកប្រើប្រាស់ និងទី៣៖ ឈ្មោះ ភ័ណ ចាន់ណារ៉ា ប្រុសអាយុ២៤ឆ្នាំ អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន៕