(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្ត នៅសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍សង្ខេបឱ្យដឹងថា ក្រោយពីបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២រួចរាល់ គឺធ្វើឡើងយ៉ាងរលូនតាមលទ្ធិប្រជាធិបតេយ្យ ដោយគ្មានការបង្ខិតបង្ខំ ពោលគឺប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតដោយស្ម័គ្រពីចិត្ដ ហើយនៅខេត្តប៉ៃលិនទទួលបានលទ្ធផលល្អប្រសើរ។
លោកស្រីបានលើកឡើងពីបញ្ហាប្រជាពលរដ្ឋចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ និងការផ្លាស់ទីលំនៅជាដើម ជាពិសេសកាលពីមុនការកែឈ្មោះក្នុងសំបុត្រកំណើតមានការលំបាកខ្លាំង តែដោយសារការកែសម្រួលច្បាប់របស់រដ្ឋាភិបាលធ្វើឱ្យកាន់តែមានភាពងាយស្រួលជាងមុន។
លោកស្រីក៏បានលើកឡើងពីបញ្ហាប្រឈមនានា និងការដោះស្រាយរវាងភូមិឧបសម្ព័ន្ធ គឺភូមិភ្នំដំបង ជាមួយនឹងភូមិមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសូមឱ្យថ្នាក់លើជួយសម្របសម្រួលឱ្យបានឆាប់រហ័ស ខណៈដែលប្រជាពលរដ្ឋមានឈ្មោះនៅក្នុងខេត្តប៉ៃលិន តែទីតាំងភូមិសាស្ត្ររស់នៅលើទឹកដីខេត្តបាត់ដំបង។
លោកស្រីអភិបាលខេត្ត បានស្នើសមាជិក សមាជិកាក្នុងអង្គពិធីទាំងមូលឱ្យនៅបន្តចូលរួមក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រុងប្រយ័ត្ននឹងជំងឺអុតស្វា ដែលកំពុងកើតមានឡើងនៅប្រទេសជិតខាងសព្វថ្ងៃនេះ។
លោក ប៉ុល លឹម បានណែនាំពីរបៀបថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ/ចៅសង្កាត់ ដែលនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋត្រូវណែនាំឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់ ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតអាពាហ៍ពិពាហ៍។ លើសពីនេះ ក្រោយពេលកូនចៅសម្រាលរួចត្រូវណែនាំឱ្យអាណាព្យាបាលរៀបចំចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន និងណែនាំដល់យុវជនគ្រប់អាយុឱ្យនាំគ្នាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតនាថ្ងៃខាងមុខ។
លោកក៏បានណែនាំបន្ថែមឱ្យមន្រ្តីនៅតាមមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍឃុំ/សង្កាត់ឱ្យមានការរីកចម្រើន និងអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពផងដែរ។
លោកបានដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់មេឃុំ/ចៅសង្កាត់ទាំង៨ ខណ:ដែលមេឃុំ/ចៅសង្កាត់នីមួយៗបានលើកឡើងអំពីបញ្ហាកង្វល់ ប្រឈម តម្រូវការ និងសំណូមពរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន៕