(កោះកុង)៖ មន្ទីរអប់រំខេត្តកោះកុងបានរៀបចំសំណេះសំណាលជាមួយយុវជនសិស្សានុសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២។

បានរៀបចំឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចំនួន៣០០នាក់។

ក្នុងពីធីបើវគ្គបំប៉នដល់សិស្សានុសិស្សលោកស្រី មិថុនា ភូថង បានថ្លែងថា លោកស្រីសូមអរគុណដល់មន្ទីរអប់រំ យុវជន និងកីឡា សមាគមនានាក្នុងខេត្ត ដែលបានគាំទ្រក្នុងការបើកវគ្គបំប៉នដល់សិស្សានុសិស្ស ដែលមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង វិទ្យាល័យប៉ាក់ខ្លង និងវិទ្យាល័យ ហ៊ុន សែន ចាំយាម ទាំង៣០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្សទាំងអស់មានលទ្ធភាពជាប់ភាគរយខ្ពស់ និងទទួលបាននិទ្ទេស A និង B ឱ្យបានច្រើនសម្រាប់ខេត្ត។

លោកស្រី មិថុនា ភូថង បានបន្តទៀតថា អ្វីដែលសំខាន់បំផុត គឺសិស្សានុសិស្សត្រូវតែខិតខំបន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ មានចម្ងល់ត្រូវសាកសួរ ត្រូវសិក្សាស្រាវជ្រាវ ជំរុញការរៀនសូត្រឱ្យបានច្រើន ព្រោះជាឆ្នាំត្រូប្រឡង។

លោកស្រីជឿជាក់ថាលោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ពិតជាខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យប្អូនៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់លោកគ្រូ អ្នកគ្រូ សាលារៀន គ្រួសារ និងខេត្តកោះកុងរបស់យើងផងដែរ។ ម្យ៉ាងទៀតទទួលបាននិទ្ទេសល្អអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីយកចំណេះដឹងមកក្នុងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិកាន់តែមានការីកចម្រើនបន្តទៀត៕