(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមកបញ្ជាក់អំពីស្ថានភាពសុខភាព របស់បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា និងអ្នកដែលមានការពាក់ព័ន្ធចំនួន៥នាក់ផ្សេងទៀត។

លោកស្រី ឱ វណ្ណឌីន តាមរយៈសារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកជំងឺអុតស្វានោះ គឺមានសុខភាពល្អធម្មតា និងកំពុងទទួលបាននូវការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។

ដោយឡែក សម្រាប់អ្នកដែលមានការពាក់ព័ន្ធចំនួន៥នាក់នោះ ត្រូវបានដាក់ឲ្យសម្រាកដាច់ដោយឡែក នៅតាមផ្ទះរៀងៗខ្លួន ហើយពួកគាត់ក៏មានបញ្ហាសុខភាពណាមួយកើតឡើង ឬក៏រោគសញ្ញាជំងឺអុតស្វានោះដែរ។ ជារួមទាំងអ្នកជំងឺ និងអ្នកពាក់ព័ន្ធ គឺពួកគាត់មានសុខភាពល្អធម្មតា មិនមានអ្វីប្រែប្រួល ឬឈានទៅរកសភាពធ្ងន់ធ្ងរនោះដែរ។

ចំពោះវិធានការបន្ដ ក្រោយបុរសជនជាតិនីហ្សេរីយ៉ា ជាសះស្បើយអំពីជំងឺអុតស្វា លោកស្រី ឱ វណ្ណឌីន មិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលអាស្រ័យចំណាត់ការរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានពន្យល់ជាថ្មីម្ដងទៀត អំពីស្ថានភាពនៃការចម្លងជំងឺអុតស្វាផងដែរ ដោយលោកស្រីបញ្ជាក់ថា ជំងឺអុតស្វា មិនឆ្លងដូចជំងឺកូវីដ១៩នោះទេ ពោលទាល់តែបុគ្គលនោះបានប៉ះពាល់ផ្ទាល់ជាមួយសិរីរាង្គកាយអ្នកជំងឺ ឬប៉ះពាល់នៅមុខរបួសលើដងផ្លូវរបស់អ្នកជំងឺ ឬវត្ថុរាវរបស់អ្នកជំងឺ ឬប៉ះពាល់នូវរបស់ប្រើប្រាស់របស់អ្នកជំងឺអុតស្វា៕

សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន៖