(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយនៃរដ្ឋបាលឃុំ/សង្កាត់ ក្រោមអធិបតីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង៥ លោក លោកស្រី នាយករដ្ឋបាលក្រុង-ស្រុក លោក លោកស្រី មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ទូរទាំងខេត្តព្រះសីហនុផងដែរ។

ក្នុងពិធីផ្សព្វផ្សាយលោក គួច ចំរើន បានលើកឡើងអំពីចំនុចសំខាន់ៗនៃការរៀបចំដាក់ចេញសេចក្តីណែនាំលេខ០១៨សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការ ច្រកចេញ-ចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ អាចអនុវត្តបានទាំងការផ្តល់សេវា រដ្ឋបាលនានារបស់រដ្ឋបាលឃុំ សង្កាត់ និងការផ្តល់សេវាផ្សេងៗទៀតនៅថ្នាក់ឃុំសង្កាត់ ដែលស្ថិតក្រោមសមត្ថកិច្ចពិនិត្យសម្រេចរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីជៀសវាងការបង្កើតយន្តការ ឬនីតិវិធីច្រើនសម្រាប់ការផ្តល់សេវានៅថ្នាក់ឃុំ សង្កាត់ ដែលអាចបង្ករជាភាពស្មុគស្មាញ និងការលំបាកដល់អ្នកអនុវត្ត និងប្រជាពលរដ្ឋផងដែរ។

អភិបាលខេត្តក៏បានបន្តទៀតថា ការដាក់ចេញនូវសេចក្តីណែនាំលេខ០១៨ នេះនិងផ្តល់ភាពងាយស្រួលដល់ រដ្ឋបាលឃុំ សង្កាត់ក្នុងការរៀបចំយន្តការមួយសម្រាប់ការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់ប្រភេទសេវា ដែលមាននៅថ្នាក់ឃុំ សង្កាត់។

ទន្ទឹមនឹងនេះការរៀបចំយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នេះមានសង្គតិភាពជាមួយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលរាជរដ្ឋាភិបាល នឹងផ្ទេរមុខងារថ្មីៗបន្ថែមទៀតមកឲ្យរដ្ឋបាលឃុំសង្កាត់ ក្នុងគោលបំណងបង្ខិតការផ្តល់សេវារដ្ឋបាលឲ្យបានកាន់តែខិតជិតប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ អភិបាលខេត្ត ក៏បានកោតសរសើរ និងសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្តប្រាជ្ញាស្មារតី ប្រឹងប្រែងរួមចំណែកគាំទ្រដល់ កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ៕