(ភ្នំពេញ)៖ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្តមណីរតនារាម ហៅវត្តទួលទំពូង រួមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ្ធ បានផ្ដល់ទេយ្យទានជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីបម្រើសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងវត្តមណីរតនារាម ហៅវត្តទួលទំពូង ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលទាំង១១ រដ្ឋបាលសង្កាត់ទួលទំពូងទី១ និងមន្ត្រីពាក់ព័ន្ធ។

ព្រះវិន័យវង្សា ស៊ា ប៊ុនណាត មានសង្ឃដីកាថា ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទ្ធ បានពិភាក្សាគ្នាថាយើងត្រូវតែចូលរួមចំណែកក្នុងការធ្វើសប្បុរសធម៌ដល់កាកបាទក្រហម ក្នុងមូលដ្ឋានខណ្ឌចំការមន ដោយយល់ឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋដែលមានការខ្វះខាត ក៏ដូចជាជួបផលលំបាកផ្សេងៗនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនេះ ព្រះចៅអធិការមានសង្ឃដីកាបន្តថា ទោះទេយ្យទាននេះតិចតួចក្ដី តែជាទឹកចិត្តដែលផុសឡើងពីសេចក្ដីអាណិតស្រលាញ់ដល់ប្រជាពលរដ្ឋ ដែលជួបផលលំបាក និងជាការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ពីការលំបាកជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយភាពកក់ក្ដៅ ដូចប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាថា មិនឱ្យពលរដ្ឋណាមួយដាច់ពោះដោយអត់អាហារនោះទេ។

លោក ថេង សុថុល បានលើកឡើងថា សម្ភារៈទាំងនេះគឺជាទឹកព្រះទ័យរបស់ព្រះសង្ឃ និងគណកម្មការអាចារ្យវត្តដែលបានមូលមតិ ឯកភាពរៀបចំនូវទេយ្យទានទាំងនេះ ប្រគល់ជូនមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីធ្វើសកម្មភាពចែកជូនសម្ភារៈទាំងនេះជូនដល់ប្រជាពលរដ្ឋដែលមានកាខ្វះខាត ដែលនេះគឺជាសិល្បៈនៃការចែករំលែកអង្គុយវិស័យពុទ្ធចក្រ និងអាណាចក្រតែងដើរទន្ទឹមគ្នាជានិច្ច។

លោកអភិបាលខណ្ឌក៏បានលើកឡើងដែរថា ក្នុងរយៈកាលចុងក្រោយនេះ សម្ដេចតេជោមិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលបានសង្គ្រោះប្រជាជនឱ្យរួចជីវិតពីជំងឺកូវីដ-១៩ ដែលនេះបើមិនមានការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងការចាត់ចែងទាន់ពេលវេលា និងសម្រេចចិត្តត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលទេ អញ្ចឹងទេប្រហែលជាប្រជាពលរដ្ឋអាចរងគ្រោះរហូតដល់ប៉ះពាល់អាយុជីវិតក៏មិនតិចដែរ ជាពិសេសគឺការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំសំខាន់ណាស់ក្នុងការស្វះស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ ដើម្បីការពារជីវិតប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីជំងឺប្រភេទថ្មីអ៊ុតស្វាដែលរកឃើញលើជនជាតិនីហ្សេរីយ៉ា នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ ដែលមកដល់ពេលនេះអ្នកប៉ះពាល់ជាមួយអ្នកជំងឺអ៊ុតស្វាត្រូវបានអាជ្ញាធរឱ្យស្នាក់នៅដាច់ដោយឡែក ដោយមានការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ខណៈដែលជនជាតិនីសេរីយ៉ាដែលកើតជំងឺអ៊ុតស្វានេះ ត្រូវបានមន្ត្រីជំនាញសុខាភិបាលនាំយកទៅសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី។ ទោះជាយ៉ាងណា លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមមានការប្រុងប្រយ័ត្នទាំងជំងឺកូវីដ-១៩ ក៏ដូចជាជំងឺអ៊ុតស្វា ដែលបានរកឃើញនៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ ដោយអនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ ជាពិសេសវិធានការ ៣កុំ និង ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។

សូមជម្រាបថា ទេយ្យទានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន រួមមាន អង្ករចំនួន២៥បាវ មីចំនួន៥០កេស ភេសជ្ជៈចំនួន២៥កេស ទឹកស៊ីអ៉ីវចំនួន៥០យួរ និងថវិកាចំនួន១,០០០,០០០រៀល ដែលគិតសរុបជាថវិកាចំនួន៦,៣៧៥,០០០រៀល៕