(ភ្នំពេញ)៖ ផ្លូវបេតុងមួយខ្សែកំរាស់១៥សង់ទីម៉ែត្រ ទទួល៦ម៉ែត្រ ប្រវែង៦៣៥០ម៉ែត្រ ស្ថិតនៅតំបន់កោះដាច់ ខណ្ឌជ្រោយចង្វារ ដែលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានបើកការដ្ឋានស្ថាបនាហើយ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ តំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងជាង៦គីឡូម៉ែត្រនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាខណ្ឌ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ឃ្លាំង ហួត បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកអភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូន រហូតផ្តល់ផ្លូវបេតុងមួយខ្សែនេះ សម្រាប់ភាពងាយស្រួលកាន់តែខ្លាំងឡើង លើការធ្វើដំណើរ។
ជាមួយគ្នានេះ លោកអភិបាលបានជំរុញ ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលពីផ្លូវបេតុងនេះ ចូលរួមសហការបង្កភាពងាយស្រួលដល់ ក្រុមការងារស្ថាបនាផ្លូវ ហើយចូលរួមថែរក្សាផ្លូវនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍រួមរបស់បងប្អូនទាំងអស់គ្នា៕