(ភ្នំពេញ)៖ មនុស្សប្រុសស្រីមួយក្រុមនាំគ្នាអង្គុយផឹកស៊ីកណ្តាលរាត្រីលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនដាច់ជើងម្នាក់។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតលើផ្លូវដែកក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បាននាំគ្នាអង្គុយផឹកស៊ីលើផ្លូវរថភ្លើង។ លុះដល់ម៉ោងប្រមាណ ៨០៖៣៩នាទីយប់ រថភ្លើងបាបបើកពីត្បូងមកជើង ពេលដល់កន្លែងកើតហេតុក៏បុកជនទាំង៣នាក់ បណ្តាលឱ្យរបួសធ្ងន់ហើយបងប្អូនស្នាក់នៅបន្ទប់ជួលដូចគ្នាបញ្ជូនទៅមនទីរពេទ្យរុស្សីដោយខ្លួនឯង។ បន្ទាប់ពីសមត្តកិច្ចចុះអន្តរាគមន៌និងត្រួតពិនិត្យរួមមកគាគីតំណាងអោយជនរងគ្រោះមិនមានការប្តឹងផ្តល់ទេ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ រួមមាន៖ ឈ្មោះ សំ អឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជាកម្មកររោងចក្រ (របួលបាក់ភ្លៅស្តាំ), ឈ្មោះ ទក សុខវឿន ភេទស្រី អាយុ ៣៦ឆ្នាំ ជាកម្មកររោងចក្រ (របួសធ្ងន់) និងម្នាក់ទៀត ឈ្មោះ ម៉ា សុខភារុន ភេទប្រុស អាយុ ៣៦ឆ្នាំ កម្មកររោងចក្រ (របួលដាច់កំភួនជើងស្តាំ)។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News តាមច្បាប់ផ្លូវដែកនៅកម្ពុជា ផ្លូវរថភ្លើងជាផ្លូវដែលប្រើសម្រាប់តែរថភ្លើងប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យមានការធ្វើសកម្មភាពអ្វីលើផ្លូវនោះឡើយ។
ក្នុងន័យនេះ លោក ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកអមសងខាងផ្លូវរថភ្លើងកុំទៅជួបជុំ ឬធ្វើសកម្មភាពនានាលើផ្លូវរថភ្លើង ដែលអាចជួបនូវគ្រោះថ្នាក់ផ្សេងៗបង្កទៅជាវិប្បដិសារីដូចករណីខាងលើ។
ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានចូលរួមសោកស្តាយជាមួយជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសារ ចំពោះករណីខាងលើនេះ៕