(កោះកុង)៖ លោក មីន មករា ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមយុវជនចំនួន៤០ ឃុំជ្រៃ ស្រុកមោងឫស្សី បន្តចុះសិក្សាស្វែងយល់បន្ថែមអំពីទីតាំងប្រវត្តិសាស្ត្រចំនួន២កន្លែង នៅក្នុងមូលដ្ឋានខេត្តកោះកុង។
ទីតាំងប្រវត្តសាស្ត្រទាំង២កន្លែងនេះរួមមាន៖ វិមានអតីតសពយុទ្ធជន និងភូមិកំណើតរបស់សម្តេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោក មីន មករា បានថ្លែងថា មូលហេតុដែលលោកនាំយុវជនគណបក្សប្រជាជនកម្ពុជា ភូមិជ្រៃជើង ចំនួន៤០នាក់ បន្តទៅទស្សនកិច្ចសិក្សានៅវិមានអតីតសពយុទ្ធជន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងគោលបំណងបង្ហាញពីភាពពលីកម្មបូជាជីវិតរំដោះភ្លើងសង្គ្រាម ក្នុងសម័យរបស់យុទ្ធជនជំនាន់មុនៗ។ ទោះបីជាពួកគាត់បានស្លាប់យូរណាស់ហើយក៏ដោយយុវជនជំនាន់នេះ មិនភ្លេចគុណបំណាច់ពលីរបស់ពួកគាត់បានដែរ។
លោក មីន មករា បានបន្តថា ទម្រាំប្រទេសកម្ពុជា បានសុខសន្តិភាពការអភិវឌ្ឍ និងភាពរីកចម្រើនរុងរឿង ដូចសព្វថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ពោលគឺសុទ្ធតែជាប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គរបស់រាជរដ្ឋាភិបាល និងឥស្សរៈជនសំខាន់ៗ ជាច្រើនរូបទៀត។ ដូច្នេះ យុវជនជំនាន់នេះ និងក្រោយៗទៀតមិនត្រូវបំភ្លេចគុណបំណាច់របស់រាជរដ្ឋាភិបាល ឥស្សរៈជន និងយុទ្ធជនដែលបានពលីកម្មសាច់ស្រស់ឈាមស្រស់។ ដោយយុវជនទាំងឡាយចូលរួមពង្រឹងការរៀនសូត្រ និងជាពលរដ្ឋល្អ ថែរក្សាសុខសន្តិភាពឱ្យបានល្អប្រសើរ។
ក្រៅពីវិមានអតីតសពយុទ្ធជន, លោក មីន មករា ក៏បន្តដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំជ្រៃទៅទស្សនកិច្ចភូមិដ្ឋាន កំណើតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដើម្បីបង្ហាញពីប្រវត្តិតស៊ូបុព្វហេតុដើម្បីជាតិមាតុភូមិរបស់សម្តេចពិជ័យសេនា និងលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងចែកសៀវភៅអំពីប្រវត្តិជនដែលត្រូវគេបាញ់ព្រមទាំងទស្សនាសង្ខេបកម្រងរូបភាពរបស់សម្តេចពីជ័យសេនា ទៀ បាញ់ ផងដែរ។
ដំណើរទស្សនកិច្ចរបស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជឃុំជ្រៃ ស្រុកមោងឬស្សី មកកាន់ទឹកដី ខេត្តកោះកុង រយៈពេល៣ថ្ងៃនេះ ដើម្បីស្វែងយល់ពីរបៀបរបបបម្រើការងារជាចៅក្រមព្រះរាជអាជ្ញា មេធាវី និងក្រឡាបញ្ជី នៅសាលាដំបូង ខេត្តកោះកុង។ លេងកីឡាបាល់ទាត់ជាលក្ខណៈសាមគ្គី មិត្តភាពរវាងក្រុមយុវជន តុលាការ និងយុវជនឃុំជ្រៃ។ ក្រៅពីនេះពួកគេក៏បានដើរកម្សាន្តនៅទីតាំងរមណីយដ្ឋានសំខាន់ផ្សេង នៅក្នុងខេត្តកោះកុង រួមមាន៖ ចេតិយ ឃុន ឆាង ឃុន ផែន ឆ្នេរសមុទ្រ ប៉ាក់ ខ្លង និងសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាង ពាម ក្រសោបជាដើម៕