(ភ្នំពេញ)៖ លោក លីន យុនហាន ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០១០៣៥៦០៣០ (០១) មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៣៧អា ផ្លូវ៣០០ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ បានចេញមកបដិសេធចំពោះលិខិតប្រគល់សិទ្ធិក្លែងក្លាយ ដែលប្រើប្រាស់ឈ្មោះ និងស្នាមមេដៃរបស់លោក ដើម្បីប្រគល់សិទ្ធិជាម្ចាស់ដីស្របច្បាប់ឲ្យអ្នកដទៃ។
លោកបានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ លោកទទួលបានលិខិតប្រគល់សិទ្ធិថតចម្លងមួយច្បាប់ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដែលមានឈ្មោះលោក បានប្រគល់សិទ្ធិឲ្យទៅបុគ្គលឌីប សូត្រវិចិត្រ និងម៉ៅ តុលា ក្នុងខ្លឹមសារថា «ខ្ញុំបានប្រគល់សិទ្ធិឲ្យឈ្មោះទាំង២រូបនេះមានសិទ្ធិលក់ និងទទួលប្រាក់ពីការលក់ដីកម្មសិទ្ធិរបស់ខ្ញុំទាំង១១ប័ណ្ណនៅ ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទំហំ២២៣១២២ម៉ែត្រការ៉េ ដោយមានសាក្សីឈោ្មះ យ៉ុន វ៉ុន និងមានការបញ្ជាក់ដោយមេធាវី ឈ្មោះ សេង ចាន់វុធ ផងដែរ។
ខ្ញុំបាទ លីន យុនហាន សូមប្រកាសជូនជាដំណឹងថា លិខិតប្រគល់សិទ្ធិនេះ គឺជាលិខិតប្រគល់សិទ្ធិក្លែងក្លាយ ព្រោះ៖
*ទី១៖ ខ្ញុំបាទមិនដែលបានប្រគល់សិទ្ធិឲ្យបុគ្គលណាមួយពីមុនមកឡើយ ហើយក៏មិនដែលផ្តិតមេដៃលើលិខិតនេះដែរ
*ទី៖២៖ ខ្ញុំបាទមិនដែលបានស្គាល់ ឈ្មោះ ឌីប សូត្រវិចិត្រ និង ម៉ៅ តុលា សាក្សី ឈ្មោះយ៉ុន វ៉ុន និង មេធាវី ឈ្មោះ សេង ចាន់វុធ ឡើយ
*ទី៖៣៖ ស្នាមមេដៃដែលនៅលើលិខិតប្រគល់សិទ្ធិនេះមិនមែនជារបស់ខ្ញុំទេ គឺជាការក្លែងស្នាមមេដៃដោយប្រើប្រាស់ឈ្មោះរបស់ខ្ញុំបាទតែប៉ុណ្ណោះ»៕