(សៀមរាប)៖ ម្តាយ និងកូន ជិះម៉ូតូឌុបគ្នាហើយរ៉េចង្កូតធ្លាក់ចូលក្នុងត្រពាំងបុរាណទើបស្ដារ បណ្តាលឱ្យលង់ទឹកស្លាប់ ២នាក់ម្តាយកូន និងកូនម្នាក់ទៀត ស្រវាតោងឡើងគោករួចជីវិត។ ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចត្រពាំងស្លាកែត ជម្រៅ៦ម៉ែត្រ ស្ថិតនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នេះ រួមមាន៖ ឈ្មោះ ធឿង ឈីអ៉ឺ អាយុ ៣០ឆ្នាំ ជាម្តាយ មុខរបរនៅផ្ទះ និងម្នាក់ទៀត ឈ្មោះ ធង់ សុវណ្ណបញ្ញា ភេទប្រុស អាយុ ៩ឆ្នាំ។
លោក ដាំ ធៀង អាយុ ៦៣ឆ្នាំ ជាឪពុកស្ត្រីរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ រូបលោកបានឮកូនស្រ្តីប្រាប់ថា ចង់បានដើមឫស្សីធ្វើរបងហ៊ុព័ទ្ធផ្ទះ ដើម្បីចងភ្ជាប់ជាមួយសំណាញ់ ហើយបានចេញទៅរកកាប់ឫស្សី នៅខាងកើតផ្ទះចម្ងាយប្រហែល៦០០ម៉ែត្រ។
ស្រ្តីជនរងគ្រោះបានបបួលកូនទៅជាមួយពីរនាក់ផង ដើម្បីជួយលើកឫស្សី តែកូនបងមិនចង់ទៅទេ ព្រោះមិនស្រួលខ្លួន។ ប៉ុន្តែម្ដាយនៅតែចង់ឱ្យទៅជាមួយទើបឡើងម៉ូតូទៅជាមួយម្ដាយ និងបានទៅខ្ចីកាំបិតផ្គាក់ ផ្ទះបងបង្កើតយកទៅ។ បន្ទាប់មកក៏បានជិះម៉ូតូ ដឹកកូនទៅកន្លែងកាប់ឫស្សី។
លោក ដាំ ធៀង បានបន្តថា ពេលនោះលោកខ្លាចកូនយកឫស្សី មកមិនរួច ក៏បានឱ្យចៅឈ្មោះ ម៉ី (ក្មួយសព) ភេទប្រុស អាយុ ១២ឆ្នាំ ទៅជួយសែងយកមក។ នៅពេលឈ្មោះ ម៉ី ទៅដល់ស្រាប់តែស្រ្តីជនរងគ្រោះ ប្រាប់ថា កាប់មិនបានទេ ដោយសារផ្គាក់យកទៅមិនមុតសោះ។ ក្មួយ ក៏ស្ត្រីរងគ្រោះទៅផ្ទះមុន។
ពេលក្មួយឱ្យទៅផ្ទះមុន ស្ត្រីរងគ្រោះក៏ឡើងជិះម៉ូតូឌុបកូនពីរនាក់ត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែដល់ចំណុចត្រពាំងស្លាកែត ដែលជាត្រពាំងបុរាណទើបនឹងស្ដារថ្មីៗ ក្នុងភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប ក៏បានបើកម៉ូតូរ៉េចង្កូតធ្លាក់ចូលទឹកត្រពាំងតែម្ដង។
ក្រោយបើកម៉ូតូធ្លាក់ក្នុងត្រពាំង កូនម្នាក់ដែលអង្គុយពីមុខបានស្រវាឡើងគោកទាន់ ហើយរត់មកប្រាប់ជីតា និងយាយពីហេតុការណ៍នេះ។ ឪពុកជនរងគ្រោះបានចុះរាវរក តែមិនឃើញ។ លុះម៉ោង១០កន្លះទើបសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាផ្អើលទៅមើល ជួយរាវរកតែនៅតែមិនឃើញរហូតដល់ម៉ោង១២ ទើបបានរកឃើញសាកសព។
ឪពុកស្រ្តីរងគ្រោះបានបន្តថា កាលពីមុនកូនស្រីរបស់លោក គឺជាមនុស្សល្អណាស់ ចាប់តាំងពីគាត់មានគ្រួសារបែកផ្ទះទៅនៅជុំគ្រួសារជាមួយប្ដីមក គាត់មានអាការៈចេះតែមិនស្រួល ដោយសារមានគំនាបពីប្ដីខ្លាំងពេក សូម្បីតែទៅលេងផ្ទះបងប្អូនក៏មិនដែលបានទៅដែរ ទើបធ្វើឱ្យគាត់គិតច្រើនមិនហូបបាយទឹក។ ក្រោយមកលោកបានយកគាត់ទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានប្រាប់ថាកូនរបស់លោកគិតច្រើនពេក បណ្ដាលឱ្យកើតជំងឺស្ត្រេស និងបូកផ្សំជាមួយនឹងប្ដីរបស់គាត់ធ្វើបាបផ្លូវចិត្តផង៕