(ឡាវ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែឧសភា ឆ្នាំ២០១៦ បានចាប់ផ្តើមជាមួយនឹង ការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាសន្តិសុខ និងការពារជាតិក្នុងតំបន់ និងអន្តរជាតិ នេះបើតាមការចុះផ្សាយ របស់គេហទំព័រក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ ដែលបានប្រព្រឹត្តិទៅក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិ ការការពារជាតិសំរាប់សហគមន៍អាស៊ាន ឲ្យមានភាពរឹងមាំ»។ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អមដំណើរដោយគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានទៅធ្វើទស្សកិច្ច និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០នេះ។
ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ នាឱកាសនោះ ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានលើកឡើងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន អេ ឌី អឹម អឹម (ADMM) ក្នុងរយៈពេល ១០ឆ្នាំមកនេះ បានរួមចំណែកជំរុញឲ្យ មានការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា នាំមកនូវសន្តិភាពនិងស្ថេរភាពក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺជាសសរស្តំដ៏សំខាន់របស់អាស៊ាន។
លោកឧត្តមសេនីយ៍ បានថ្លែងទៀតថា ការជួបជុំគ្នានេះបានធ្វើ ឱ្យមានផលប្រយោជន៍ទៅវិញទៅមក ការយល់ដឹងគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាពេលនេះមិនត្រឹមតែជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យកកងទ័ព ដែលយន្តការកិច្ចសហប្រតិបត្តការរបស់អាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ បំរើឲ្យផលប្រយោជន៍រួម ។
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១០ នាពេលនោះបានប្រព្រឹត្តិទៅតាមរបៀបវីរៈរបស់ខ្លួន ដែលបានគ្រោងទុកដោយកិច្ចប្រជុំ បានស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងអាស៊ាន,ស្តាប់របាយការណ៍កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន និង កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន បូកព្រមទាំងបានស្តាប់របាយការណ៍ ស្តីអំពីកិច្ចប្រជុំក្រៅផ្លូវការអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៣កន្លងមកផងដែរ។
ក្នុងកិច្ចប្រជុំនោះ បណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ាន បានចូលរួមធ្វើការផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិក្នុងតំបន់ និងអន្តរជាតិដោយបានលើកឡើងអំពីភាពប្រឈមនានា ដែលទាក់ទងទៅនិងបញ្ហាសន្តិសុខក្នុងតំបន់ បញ្ហាប្រឈមភេរវកម្មអន្តរជាតិ បញ្ហានយោបាយសេដ្ឋកិច្ចជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។
ក្នុងការចូលរួមផ្លាស់ប្តូរទស្សនៈស្តីពិបញ្ហាសន្តិសុខ និងការពារជាតិក្នុងតំបន់ និងអន្តរជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិនៃម្ពុជា ក៏បានសំដែងនូវការកត់សំគាល់ថា ADMM ជាកូនសោរមួយក្នុងចំណោមយន្តការសន្តិសុខផ្សេងៗទៀត ដើម្បីដោះស្រាយនូវបញ្ហាសន្តិសុខតំបន់រួមគ្នានិងលើសពីនេះ។ADMM បានធ្វើឲ្យប្រសើរឡើងនូវជំហរកណ្តាល របស់អាស៊ានដែលសង្កត់ធ្ងន់លើអត្តសញ្ញាណអាស៊ាន និងផ្លូវអាស៊ាននៃ ការធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ទាំងមូល។
តាមរយៈការផ្លាស់ប្តូរទស្សនៈនោះដែរ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ «កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវទំរង់សន្តិសុខទាំងពីរគឺ ADMM និង ADMM បូក។ សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ បង្កើតឲ្យមានទិសស្លោក ព្រមទាំងមានការឯកភាពគ្នាលើពិភពលោកយើងនេះ»។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា «កម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចខិតខំប្រឹងប្រែង ពង្រឹងចលនាកាត់បន្ថយបញ្ហាប្រឈម ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់អាស៊ាន»។
បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិក្នុងតំបន់រួចមក កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានលើកទី១០ ក៏បានធ្វើការអនុម័តឯកសារចំនួន៣ ក្នុងនោះរួមមាន៖ ទី១-ឯកសារលក្ខខណ្ឌប្រតិបត្តិ នៃក្រុមត្រៀមខ្លួនជាស្រេច ស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ឯកសារទី២- ស្តីពីលក្ខខណ្ឌប្រតិបត្តិ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន និង ទី៣ ឯកសារទស្សនទានស្តីពីការបង្កើតក្រុមការងារ ជំនាញស្តីពីសន្តិសុខប្រពន្ធ័ អ៊ីនធរ័ណេតក្របខណ្ឌ័ ADMM-បូក។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិលើកទី១០ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិសំរាប់សហគមន៍អាស៊ាន អោយមានភាពរឹងមាំ។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមរ បស់នៃកិច្ចប្រជុំអាស៊ានលើកទី១០ នៅប្រទេសឡាវ បានបញ្ជាក់ឡើងវិញ ពីតួនាទីរបស់អាស៊ាន និងជំហរកណ្តាលរបស់ខ្លួន ដែលជាគន្លិះដឹកនាំកំលាំងក្នុងកិច្ចសហប្រតិបត្តិការ ការពារជាតិនិងសន្តិសុខជាមួយ ប្រទេសបូកដោយបើកចំហរ មានតម្លាភាពនិងនិម្មាបនកម្មរួមគ្នា៕