(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានលើកគូសរំលេចថា ការងារអប់រំចិត្តសាស្ត្រ ជាកត្តាដ៏ចាំបាច់បំផុតមិនអាចខ្វះបាននោះឡើយសម្រាប់កម្លាំងប្រដាប់អាវុធ ជាពិសេសសម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងនូវការបំពេញតួនាទីភារកិច្ចឱ្យបានមុតមាំ សំដៅធានាបានសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងគូសរំលេចបែបនេះក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆ្នាំ២០២២ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានអ្នកចូលរួមជាង ២០០នាក់។

នៅចំពោះមុខនាយទាហាន នាយទាហានរង ដែលជាថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក៏ដូចជាគ្រូបង្គោលជាសិក្ខាកាម នាយឧត្តមសេនីយ៍ សឹង សំណាង បានលើកឡើងថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ជាអ្នកបន្តវេន ពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ មានវិជ្ជាជីវៈច្បាស់លាស់ ប្រកបដោយសិលធម៌ និងគុណធម៌។ ព្នាយឧត្តមសេនីយ៍បន្ថែមទៀថា កងទ័ព គឺជាសសរទ្រូងរបស់ប្រទេសជាតិ ដែលចាំបាច់ត្រូវតែរឹងមាំមោះមុតដាច់ខាត និងមានទឹកចិត្តស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល នោះទើបប្រទេសជាតិអាចទទួលបាននូវសុខសន្តិភាព វឌ្ឍនភាព និងសុភមង្គល ដែលជាក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋ ពិសេសប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់យ៉ាងដូច្នេះ «កងទ័ពជើងអាកាសយើងត្រូវការចាំបាច់នូវធនធានមនុស្ស ដែលមានលក្ខណៈសម្បត្តិទាំងអស់ខាងលើនេះ ដើម្បីពួតដៃសហការគ្នាយ៉ាងជិតស្និទ្ធជាមួយគ្រប់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការបំពេញគ្រប់ភារកិច្ច មានជាអាទិ៍ការងារហោះហើរដឹកជញ្ជូន សម្ភារៈ និងមនុស្សទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល ដែលពិបាកធ្វើដំណើរដោយថ្មើរជើង ការងារហ្វឹកហ្វឺនទាំងនៅផ្ទៃដី និងលើអាកាសទាំងថ្ងៃ ទាំងយប់ និងនៅគ្រប់ស្ថានភាពអាកាសធាតុ សមយុទ្ធយោធាចម្រុះ ជាមួយកងកម្លាំងប្រទេសជាមិត្តទាំងក្នុងតំបន់ និងក្រៅតំបន់ បេសកកម្មដឹកជញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ទៅបំពេញបេសកកម្មនៅតាមទីតាំងឈរជើងនានារបស់កងយោធពលខេមរភូមិន្ទនៃតំបន់ព្រៃភ្នំ ព្រំដែន រួមនិងភារកិច្ចការពារដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជាពីការរំលោភបំពានរបស់ពួកអមិត្ត ដែលអាចកើតឡើងជាយថាហេតុ»

ជាមួយនឹងការបើកវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រនេះ នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានគូសបង្ហាញពីសារៈសំខាន់នៃការអប់រំចិត្តសាស្ត្រ ដោយបានលើកបង្ហាញស្ថានការណ៍មួយចំនួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលទាមទារឱ្យកងទ័ពយកចិត្តទុកដាក់ពង្រឹងផ្នែកចិត្តសាស្ត្រ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ដូច្នេះ «ការងារអប់រំចិត្តសាស្រ្ត ជាកត្តាមិនអាចខ្វះបានសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងនិយាយដោយឡែកចំពោះកងយោធពលខេមរភូមិន្ទ ព្រោះជាកម្លាំងចលករមួយដ៏មានឥទ្ធិពល ជាអាវុធដ៏មុតស្រួចផ្តល់នូវកម្លាំងចិត្ត កម្លាំងកាយ ដល់យោធិនគ្រប់រូបឱ្យរឹតតែមានភាពខ្លាំងក្លា រឹងមាំ ពិសេសជំរុញនូវគោលជំហរ ស្មារតី សតិអារម្មណ៍របស់យោធិនម្នាក់ៗ ឱ្យមានឆន្ទៈ មនសិការស្នេហាជាតិមុតមាំ ឈានទៅអនុវត្តសម្រេចជោគជ័យនូវភារកិច្ចធំៗ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជាពិសេសរាល់បទបញ្ជា និងអនុសាសន៍ដ៏ថ្លៃថ្លា ប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សំដៅជំរុញរាល់ដំណើរការនៃស្ថាប័នជាតិ ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព»

នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានអំពាវនាវដល់គ្រូបង្គោលអប់រំចិត្តសាស្ត្រជាសិក្ខាកាមនាពេលនេះ ត្រូវប្រមូលផ្តុំអារម្មណ៍យកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ និងឈ្វេងយល់ឱ្យបានស៊ីជម្រៅថែមទៀត ដើម្បីពាំនាំយកនូវរាល់ខ្លឹមសារ និងគោលបំណងសំខាន់ៗនៃឯកសារអប់រំនេះ ទៅផ្សព្វផ្សាយបន្តដល់យោធិននៅអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងផ្នែកស្មារតីសតិអារម្មណ៍ និងគោលជំហរនយោបាយចិត្តសាស្រ្តឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានកោតសរសើរដល់នាយទាហាន ដែលមានតួនាទី ភារកិច្ច ជំនាញផ្នែកអប់រំចិត្តសាស្រ្ត នៃកងទ័ពជើងអាកាស បើទោះបីជាមានការលំបាក ឬជួបនូវឧបសគ្គយ៉ាងណាក្តី តែងបានខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវខ្ពស់សម្រេចនូវភារកិច្ចបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា វគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ដោយមានសិក្ខាកាមជាគ្រូបង្គោលប្រមាណជា ៥០នាក់។

របាយការណ៍របស់ឧត្តមសេនីយ៍ឯក ហែន ហឿន មេបញ្ជាការរង ស្នងការ ស្នងការដ្ឋានហ្វឹកហ្វឺន និងឃោសនាព័ត៌មាននៃបញ្ជាការដ្ឋានទ័ពអាកាស បានឱ្យដឹងថា វគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥នាពេលនេះ មានគោលបំណងពង្រឹង និងលើកកម្ពស់នូវគុណភាពអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងអាកាស ឱ្យមានស្មារតី និងឆន្ទៈមុះមុតក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកអនុវត្តឱ្យបានជោគជ័យនៃផែនការកែទម្រង់៥ឆ្នាំរបស់កងយោធពលខេមរភូមិន្ទ៕