(កណ្តាល)៖ ប្រជាពលរដ្ឋស្រុកស្អាងបានស្រុះគ្នាឡោមព័ទ្ធចាប់ខ្លួនក្រុមចោរធាក់ប្លន់យកម៉ូតូនៅតាមផ្លូវបានចំនួន២នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន ដោយប្រគល់ឲ្យសមត្ថកិច្ចស្រុកស្អាង បន្ទាប់ពីធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះដែលកំពុងធ្វើដំណើរនៅលើផ្លូវជាតិ២១ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ២១ ភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សិច ប៊ុនលី អាយុ៣០ឆ្នាំ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ។

ជនសង្ស័យចំនួន៣នាក់៖ ឈ្មោះ នឿន វណ្ណារ៉ា អាយុ១៦ឆ្នាំ ឈ្មោះ ឡុង ច័ន្ទបូឫទ្ធិ អាយុ២១ឆ្នាំ ជនទាំងពីរមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងជនទី៣ពុំស្គាល់ឈ្មោះ និងបានរត់គេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញទៅផ្ទះនៅឃុំព្រែកអំបិល។ ពេលដល់ផ្លូវកោងនៅភូមិផ្លូវបំបែក ជនសង្ស័យជិះម៉ូតូ១គ្រឿងគ្នា៣នាក់ បានធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល ហើយជនសង្ស័យឈ្មោះ នឿន វណ្ណារ៉ា លើកម៉ូតូរបស់ជនរងគ្រោះជិះចេញ ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗ! ក៏ត្រូវបានឈ្មោះ ហ៊ សុខម៉ិញ នៅក្បែនោះរត់ជួយដេញចាប់បានជនសង្យ័យឈ្មោះ ឡុង ច័ន្ទបូឫទ្ធិ។ ចំណែកជនសង្ស័យឈ្មោះ នឿន វណ្ណារ៉ា រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិទឹកវិលចាប់បាន។ រីឯជនសង្សយ័ម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

តាមចម្លើយសារភាពរបស់ឈ្មោះ នឿន វណ្ណារ៉ា និងឈ្មោះ ឡុង ច័ន្ទបូឫទ្ធិ ឆ្លើយថាក្រុមខ្លួនមានគ្នា៣នាក់ជិះមកពីភ្នំពេញមកដល់ស្រុកស្អាងម៉ោង៥ភ្លឺបានធ្វើសកម្មភាពធាក់ម៉ូតូនៅស្វាយតានី ឃុំព្រែកគយ តែយកមិនបាន។ បន្ទាប់មកក៏ជិះចុះទៅដល់ឃុំកោះខែល ហើយបានធ្វើសកម្មភាពធាក់ម៉ូតូមួយគ្រឿងទៀតតែយកមិនបាន ក៏ជិះឡើងមកភ្នំពេញវិញដល់ផ្លូវកោងឃុំទឹកវិលក៏បានធ្វើសកម្មភាពធាក់យកម៉ូតូបាន តែត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់ខ្លួនបានទាំង២នាក់តែម្ដង។ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួន។

ករណីនេះកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកស្អាងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ប្រជាពលរដ្ឋបានលើកឡើងជាទស្សនទានថា ការបើកឲ្យមានល្បែងស៊ីសង បែបឆ្នោតឡូតូក្ដី ការលួចលាក់បើកកន្លែងចាក់ល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងច្រើនស្កេកស្កះនេះហើយ ជាដើមចមនៃការបង្កើតឲ្យមានអំពើឆក់ ប្លន់ លួច និងបង្កើតអសន្តិសុខសង្គម ដែលផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល៕