(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៤៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ២៨៣គ្រឿង និងរថយន្ត ៦៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី២៤ ខែកក្កដា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៩៦,៦៥៦គ្រឿង ក្នុងនោះមានម៉ូតូ ៧៦,៧០២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៩,៩៥៤គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង និងអត់ស្លាកលេខ។ ដោយឡែករថយន្តល្បឿន ល្មើសល្បឿន ឆៀក ស្រវឹង អាជីវកម្ម និងអត់ប័ណ្ណបើកបរជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០២លើក ក្នុងនោះស្លាប់ចំនួន ០១នាក់ របួសចំនួន០៤នាក់ (របួសធ្ងន់ ០១នាក់)។ រយៈពេល២០៥ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៧៥៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,០២២នាក់ របួស ២,៤៤១នាក់ (របួសធ្ងន់ ១,៥៥៦នាក់)៕