(ភ្នំពេញ)៖ មន្ត្រីក្រសួងបរិស្ថានមួយរូបដែល Fresh News បានទាក់ទងនៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ដើម្បីគាំទ្រដល់ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានចំនួន២៦ក្រុង សម្រាប់ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាសរុបចំនួនទឹកប្រាក់៨០០០លានរៀល។ រហូតមកទល់ពេលនេះ ក្រុងមួយចំនួនបានចុះកិច្ចសន្យា និងមួយចំនួនទៀតកំពុងរៀបចំចុះកិច្ចសន្យា ហើយនិងកំពុង អនុវត្តសកម្មភាពនៅក្នុងចំណោមក្រុងទាំងនោះ ខ្លះបានដកថវិកាជំហានដំបូងដើម្បីអនុវត្តគម្រោង និងខ្លះទៀត កំពុងបំពេញនីតិវិធីដកថវិកា។ ប៉ុន្តែមានក្រុងចំនួន៥ ដែលមិនទាន់ចុះកិច្ចសន្យា និងមិនទាន់អនុវត្តសកម្មភាព ក្នុងនោះរួមមានក្រុងសិរីសោភណ្ឌ ប៉ោយប៉ែត ពោធិ៍សាត់ រតនៈគិរី និងមណ្ឌលគិរី។
គេមិនដឹងពីមូលហេតុពិតថាហេតុអ្វី បានជាក្រុងទាំង ៥ នេះមានភាពយឺតយ៉ាងក្នុងការធ្វើការងារគម្រោងគ្រប់គ្រងសំណល់រឹង សំណល់រាវទីប្រជុំជននេះ ខណៈកិច្ចការទាំងនេះគឺជាមុខមាត់របស់ក្រុង និងខេត្តនីមួយៗផង។
តាមមន្ត្រីដដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្នុងរាជធានីភ្នំពេញ នៅមិនទាន់មានប្រសិទ្ធភាព និង ឆ្លើយតបស្ថានភាពជាក់ស្តែងនៅឡើយ។ សាលារាជធានីភ្នំពេញ នៅមិនទាន់អនុវត្តឱ្យមានប្រសិទ្ធភាពតាមខ្លឹមសារនៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដោយសារតែមុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន នៅមិនទាន់បានធ្វើប្រតិភូកម្មទៅរដ្ឋបាលខណ្ឌ ឱ្យបានច្បាស់លាស់នៅឡើយ។ បច្ចុប្បន្ននេះក្រសួងបរិស្ថានបាន និងកំពុងជំរុញការងារទាំងនេះឱ្យដំណើរការ ប៉ុន្តែរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនហាក់ដូចជា មិនទាន់ផ្តល់នូវការសហការពេញលេញនៅឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារអន្តរក្រសួងបានជួបប្រជុំពិគ្រោះយោបល់ និងបាននិងកំពុងរៀបចំ៖
១-សេចក្តីព្រាងចុងក្រោយនៃប្រកាសអន្តរក្រសួង ស្តីពីការកំណត់កម្រៃអតិបរមា នៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
២-សេចក្តីព្រាងគោលការណ៍ ណែនាំបច្ចេកទេស ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
៣-សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី ការគ្រប់គ្រង និងការប្រើប្រាសថវិកាបានមកពីការផាកពិន័យ។
កាលពីឆ្នាំ២០១៥ កន្លងទៅ រាជរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ៥០០០លានរៀលសម្រាប់ អនុវត្តការគ្រប់គ្រងសំណល់សំរាម សំណល់រឹងទីប្រជុំជនដល់ក្រុងចំនួន២៥ ក្នុងប្រទេសកម្ពុជា៕