(កំពង់ធំ)៖ លោក សាយ គឹម ឡម អភិបាលស្រុកស្ទោង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានរួមដំណើរជាមួយព្រះសង្ឃនិងមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ផ្តល់សម្ភារ និងថវិកាដល់ប្រជាពលរដ្ឋបីគ្រួសារ ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារឆ្លងចរន្តអគ្គិសនី នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។

លោកអភិបាលស្រុកស្ទោងបានសម្តែងនូវក្ដីសោកស្តាយ ផ្តល់កម្លាំងចិត្តដល់ម្ចាស់ផ្ទះទាំងបីគ្រួសារខាងលើ ដោយលោកបានបញ្ជាក់ថា ក្នុងនាមខ្លួនលោកផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវហេតុការណ៍ដ៏កាចសាហាវកើតមានឡើងលើប្រជាពលរដ្ឋណាម្នាក់ក្នុងមូលដ្ឋានឡើយ។

ជាមួយនេះផងដែរ លោកប្រធានឣនុសាខាក៏បានពាំនាំនូវការផ្តាំការសួសុខទុក្ខរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទីណាមានទុក្ខលំបាក ទីនោះមានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចុះជួយដល់មូលដ្ឋានជានិច្ច។

លោក សាយ គឹមឡម បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាអគ្គីភ័យ ត្រូវត្រួតពិនិត្យប្រភពចំហេះ ឬបង្គុំអគ្គិសនីឱ្យបានតមរឹមត្រូវ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់បញ្ហាទឹកជំនន់ និងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ផងដែរ។

គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក សាយ គឹមឡម បានដឹកនាំកងកម្លាំងចម្រុះអន្តរាគមន៍ជួយពន្លត់ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ហើយម្ចាស់ផ្ទះរងគ្រោះទាំងបីខាងលើក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន៥០០,០០០រៀល និងតូបទាំង៣ ក្នុងមួយតូបៗទទួលបាន៣០០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត៕