(ភ្នំពេញ)៖ មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា លោក ស៊ឹម វីរៈ អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពន្យល់ជូនសាធារណជន អំពីភាពជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា និងភាពចាំបាច់ក្នុងការយល់ដឹងពីអាស៊ាន ជាមួយនឹងការឈានចូលមកដល់ជាសន្សឹមៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

ការពន្យល់នេះ ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយគ្នា សមាគមសាលាត្រាជូ ដែលនឹងចូលរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីទស្សនៈ និងសមទ្ធិផលសម្រេចបានរបស់អាស៊ាន ដើម្បីជាពុទ្ធិសម្រាប់ដំណើរឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខ នៅរាជធានីភ្នំពេញ។

កិច្ចសម្ភាសនេះ គ្រោងចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២២ នៅលើទំព័រហ្វេសបុកសមាគមសាលាត្រាជូ។

លោក ស៊ឹម វីរៈ បានចែករំលែកនូវចំណេះដឹងស្តីពីការអនុវត្តជាក់ស្តែងមួយចំនួន និងព័ត៌មានសំខាន់ៗ ផ្ដោតចម្បងទៅលើភាព ជាប្រធាន ប្តូរវេនអាស៊ានលើកទី៣របស់កម្ពុជា ក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនេះ វាគ្មិនកិត្តិយស ក៏បានសង្កត់ធ្ងន់អំពីអាទិភាព កាលានុវត្តភាព និងបញ្ហាប្រឈម កំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានសំដៅសម្របសម្រួលរក្សាអោយបាននូវសាមគ្គីភាពនិងមជ្ឈភាពអាស៊ានក្នុងគោលបំណងស្វែងរកដំណោះស្រាយនានាក្នុងដំណើរវឌ្ឍនភាពនៃការកសាងសហគមន៍នៃអង្គការតំបន់មួយនេះ។

កិច្ចសម្ភាសខាងលើបែងចែកជា ៥ភាគ ដែលរួមមាន ដូចជា ទី១៖ ទិដ្ឋភាពទូទៅ «កម្ពុជា និងអាស៊ាន», ទី២៖ កម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន, ទី៣៖ អាស៊ាន និងបញ្ហាសមុទ្រចិនខាងត្បូង, ទី៤៖ អាស៊ានក្នុងបញ្ហាមីយ៉ាន់ម៉ា និងទី៥៖ អាស៊ានក្នុងបញ្ហាសង្រ្គាមរុស្សី និងអ៊ុយក្រែន។

ក្នុងនាមជាប្រជាជានអាស៊ាន ពិសេសជាអ្នកដែលទទួលនូវឥទ្ធិពលដោយផ្ទាល់ពីសមាហរណកម្មអាស៊ាន វាមានភាពចាំបាច់សម្រាប់សាធារណជន អ្នកសិក្សា អ្នកស្រាវជ្រាវ សិស្សនិស្សិត យល់ដឹងអំពីបញ្ហានេះ។

សូមជម្រាបថា សមាគមសាលាត្រាជូ ជាបណ្តាញទូលំទូលាយមួយនៃសហគមន៍អ្នកសិក្សាស្រាវជ្រាវ និងអ្នកអនុវត្តក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលប្រមូលផ្តុំសមាជិកសមាជិកា ដែលមានបទពិសោធន៍ទាំងទ្រឹស្តី និងអនុវត្តទៅលើមុខជំនាញច្បាប់ជាតិ និងអន្តរជាតិ៕