(ភ្នំពេញ)៖ សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា (ស.ស.ប.ក) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសារទរថ្ងៃខួប៩ឆ្នាំ នៃការបង្កើតសមាគមនេះឡើង និងទទួលអំណោយឈាម ក្នុងន័យបំផុសមហាជនឲ្យយល់ដឹងពីសារសំខាន់ គុណតម្លៃនៃការចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះជីវិតមនុស្សទូទៅ មិនរើសអើង បំរើក្នុងសកម្មភាពមនុស្សធម៌ពិតៗ ឥតគិតកម្រៃ ឬផលប្រយោជន៍អ្វីដល់សមាគមឡើយ។

កម្មវិធីនេះមានការចូលរួមពីសំណាក់ លោក ផាត់ សារឿន ប្រធានសមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា, លោក មាស វណ្ណ ប្រធានក្រុមប្រឹក្សាភិបាល ស.ស.ប.ក, លោក តាំង សុខឃី គណៈស្ថាបនិក សសបក និងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកណ្ដាល, លោក វេជ្ជៈបណ្ឌិត លី សុវិទ្យ នាយករងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម, លោក ង៉ូវ បូរីណា ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភារដ្ឋសភា និងអធិការកិច្ច។

លោក ផាត់ សារឿន សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា បានថ្លែងថា សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា ហៅកាត់ថា «សសបក» បង្កើតឡើងក្នុងន័យធ្វើសកម្មភាពបំផុសមហាជនឲ្យយល់ដឹងពីសារសំខាន់ គុណតម្លៃនៃការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សទូទៅ មិនរើសអើង បំរើក្នុងសកម្មភាពមនុស្សធម៌ពិតៗ ឥតគិតកម្រៃ ឬផលប្រយោជន៍អ្វីដល់សមាគមឡើយ។

លោកបន្តថា ដោយចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជម្ងឺទូទៅដែលតម្រូវការឈាមចាំបាច់ ក្នុងន័យចូលរួមចំណែកជាគុណប្រយោជន៍ដល់សង្គម ក្នុងការចែករំលែកនូវក្តីអាណិត ក្ដីស្រឡាញ់យ៉ាងស្មោះស្ម័គ្រ ចំពោះមនុស្សទូទៅដោយមិនរើសអើង។

សូមបញ្ជាក់ថា បន្ទាប់មកគណៈអធិបតី បានត្រួតពិនិត្យសកម្មភាពបរិច្ចាគឈាម និង ថតរូបអនុស្សាវរិយ៍ រហូតចប់កម្មវិធីពិសារអាហាររួមគ្នា និងតន្ត្រីកំសាន្តរហូតដល់ម៉ោង ៦ល្ងាច៕