(ភ្នំពេញ)៖ វិស័យកសិកម្មជាសសរស្តម្ភមួយ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ការនាំចេញកសិផល ជាពិសេសប្រភេទផ្លែឈើស្រស់ បានក្លាយជាគោលនយោបាយសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់លើកកម្ពស់កម្រិតជីវភាព របស់ប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ប្រទេសចិនជាប្រទេសកសិកម្មដ៏ធំមួយ ដែលមានអរិយធម៌កសិកម្មជាង ៥ពាន់ឆ្នាំ អាស្រ័យហេតុនេះ ប្រជាជនចិនបានខិតខំធ្វើការច្នៃប្រឌិតថ្មី លើវិស័យកសិកម្មជាប់រហូតដើម្បីបាន ទិន្នផលស្បៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងធានាការពារសន្តិសុខស្បៀងរបស់ប្រទេសជាតិ។ ស្របនឹងការវិវឌ្ឍរីកចម្រើននៃបច្ចេកទេសកសិកម្ម ប្រទេសចិនបានចាត់បញ្ចូន អ្នកជំនាញផ្នែកកសិកម្មជាច្រើនរូប ទៅជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងនោះបូករួមទាំងប្រទេសកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការជំរុញឱ្យដំណាំកសិកម្មកម្ពុជា ប្រមូលបានផលច្រើននិងស្របតាមស្តង់ដាទីផ្សារអន្តរជាតិ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសកាលពីឆ្នាំ២០២១ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជានិងចិន មានភាពវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ អំពីប្រទេសចិនបញ្ជាទិញអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោន ក្នុងរយៈពេល ១៧ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២១ តទៅ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ» រវាងចិននិងកម្ពុជាជាដើម។

បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា បានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២នេះ សម្រេចបានទំហំជាង ២,៤ លានតោនដែលក្នុងនោះមានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន ២៤ មុខផ្សេងទៀតដែលមានតម្លៃសរុប ១.៩៤២ លានដុល្លារអាមេរិក។

ជាក់ស្តែង នៅមុនពេលកើតមានវិបត្តិកូវីដ-១៩ ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសគឺការរកបានទីផ្សារចិន ដែលជាទីផ្សារដ៏ធំប្រកបដោយសក្តានុពល សម្រាប់ការនាំចេញកសិផលខ្មែរ ដោយក្នុងនោះ ប្រភេទផលិតផលកសិកម្មខ្មែរ កាន់តែច្រើនឡើងៗ បានបង្ហាញវត្តមានក្នុងទីផ្សារប្រទេសចិន។

អ្វីដែលគួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុងបរិបទកូវីដក្តី ក៏ផ្លែឈើស្រស់របស់កម្ពុជាទទួលបាន ការអនុញ្ញាតឱ្យនាំចេញផ្ទាល់ទៅកាន់ ប្រទេសចិនជាបន្តបន្ទាប់ ជាក់ស្តែងដូចជាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ របស់កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលជាសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ លើវិស័យកសិកម្មរវាងកម្ពុជានិងចិន បន្ទាប់ពីការនាំចេញផ្លែចេកស្រស់របស់កម្ពុជាទៅចិន។

ប៉ុន្តែការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ក្នុងបរិបទកូវីដក៏ជួបបញ្ហាមួយចំនួនផលដែរ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជាឱ្យដឹងថា នៅ៥ខែ ដើមឆ្នាំ២០២២ នេះ ការនាំចេញកសិផលស្រស់មួយចំនួន របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសចិនដែលជាទីផ្សារធំរបស់កម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បណ្តាលមកពីកត្តាមួយចំនួនដូចជាការរឹតបន្តឹង ការត្រួតពិនិត្យទំនិញដើម្បីទប់ស្កាត់ ការរាលដាលឆ្លងជំងឺកូវីដ-១៩ ជាដើម។

យ៉ាងណាមិញ ជាសមិទ្ធផលថ្មីក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ថ្មីៗកន្លងទៅនេះ ការវាយតម្លៃលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយទទួលបានលទ្ធផលវិជ្ជមាន ដែលអាចនឹងនាំចេញក្នុងរដូវប្រមូលផលខាងមុខនេះ ពោលគឺក្នុងអំឡុងខែសីហា ឬខែកញ្ញា នេះបើតាមការឱ្យដឹងពីលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មកម្ពុជា។

ក្រៅពីនេះ កសិផលខ្មែរមួយចំនួនទៀត ក៏កំពុងស្ថិតក្នុងការចរចាដើម្បីនាំចេញផ្ទាល់ ទៅកាន់ទីផ្សាររបស់ប្រទេសចិនផងដែរ ជឿជាក់ថានឹងទទួលបានការអនុម័ត និងទទួលស្គាល់ពីរដ្ឋាភិបាលចិនជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យប្រជាជនចិនកាន់តែច្រើនឡើងៗ បានស្គាល់និងភ្លក់រសជាតិកសិផលស្រស់របស់កម្ពុជា។

ស្ថិតក្រោមការជំរុញនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏ដូចជាចំណងមិត្តភាពដែកថែប បច្ចុប្បន្ន រដ្ឋាភិបាលចិនបាននិងកំពុងសិក្សាលើ លទ្ធភាពពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសកម្ពុជា ដោយក្នុងនោះវិស័យកសិកម្មក៏ជាវិស័យអាទិភាពមួយផងដែរ។

អាស្រ័យហេតុនេះ យើងអាចជឿជាក់បានថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរចិននិងកម្ពុជា ទីបំផុតពិតជានឹងអាចជម្នះឧបសគ្គនានា ដែលបង្កផលប៉ះពាល់ដល់ការនាំចេញនាំចូលអន្តរជាតិ ដូចជាវិបត្តិជំងឺកូវីដ-១៩ជាដើម ដល់ពេលនោះ ក្នុងទីផ្សារដ៏ធំនិងប្រកបដោយសក្តានុពលរបស់ប្រទេសចិន មុខជានឹងបន្ថែមវត្តមានរបស់ផលិតផលខ្មែរជាពិសេស គឺផលិតផលកសិកម្មកាន់តែច្រើនឡើងៗជាមិនខាន៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន