(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក គីហ្ស៊ី ណូប៊ូអូ (Nobuo Kishi) បានផ្ញើសារអបអរសាទរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យដ៏ធំធេងនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន។។

ក្នុងសេចក្ដីបកប្រែនៃសារលិខិតនេះដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដានេះ លោក គីហ្ស៊ី ណូប៊ូអូ បានឱ្យដឹងថា «សូមសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការអបអរសាទរពី ខ្ញុំចំពោះជោគជ័យដ៏ធំធេងនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧»។

លោករដ្ឋមន្ត្រីបានសម្ដែងនូវសេចក្តីកោតសរសើរ ដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន។

លោកក៏បានគោរពថ្លែងអំណរគុណដ៏ស្មោះចំពោះសម្តេចតេជោ ដែលបានចំណាយពេលវេលាទទួលជួបរូបលោក ទោះបីជាសម្តេចតេជោមានកិច្ចការមមាញឹកក៏ដោយ។

លោក គីហ្ស៊ី ណូប៊ូអូ រំលឹកជូនសម្តេចតេជោថា ទំនាក់ទំនងកម្ពុជា-ជប៉ុនស្ថិតក្នុងកម្រិតមួយយ៉ាងល្អបំផុតមិនធ្លាប់មាន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូរទ្វេភាគីបន្តរីកចម្រើនទៅមុខ រួមទាំងដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងការចូលសំចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ ក៏បានប្តេជ្ញាថែរក្សា និងពង្រឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកជំហ ដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក៕