(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបច្ចុប្បន្នបើយើងស្ដាប់បទចម្រៀងទ្វីស Twist ដែលជាបទញាក់បែបស្ទីលអឺរ៉ុប គឺហាក់ដូចជានាំអារម្មណ៍យើងឲ្យងាកថយក្រោយមកដល់ទសវត្សឆ្នាំ១៩៦០យ៉ាងសប្បាយរីករាយ ហើយនឹកដល់លោក ជុំ កែម- Chum Kem ជាកូនខ្មែរម្នាក់ដែលមានចំណង់ចំណូលចិត្តខាងចំរៀង បានមករៀនផ្នែកសេរ៉ាមិចនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី នាទសវត្សឆ្នាំ១៩៦០ ហើយបាននាំយកចង្វាក់បទទ្វីស Twist នេះទៅស្រុកខ្មែរ ក្រោយពីបញ្ចប់ការសិក្សាបានជោគជ័យ។

ដើមទសវត្សឆ្នាំ១៩៦០ ដោយបទចម្រៀងទ្វីស Twist ជាបទពេញនិយម និងរស់រវើកនាសម័យនោះ បានឆ្លុះបញ្ចាំងអំពីព្រឹត្ដិការណ៍នយោបាយប្រវត្ដិសាស្រ្ដកម្ពុជា ដែលពាក់ព័ន្ធនឹងសិល្ប:តន្ត្រីលោកខាងលិចផងដែរ។ ព្រោះកម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង រហូតដល់រដ្ឋប្រហារឆ្នាំ១៩៧០ ត្រូវបានគេចោទថាកម្ពុជា ជារដ្ឋកុម្មុយនិស្តផ្ដាច់ការ។

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងព្រឹត្ដិការណ៍នយោបាយប្រវត្ដិសាស្រ្ដនេះ បើយើងពោលអំពីសង្គមកម្ពុជានាទសវត្សឆ្នាំ១៩៦០ រហូតមានរដ្ឋប្រហារឆ្នាំ១៩៧០នោះ គឺកម្ពុជា មានទិដ្ឋភាពពីរផ្ទុយស្រទ្បះពីគ្នា មិនខុសពីកម្ពុជាបច្ចុប្បន្នដែលស្ថិតក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នោះទេ។

ទិដ្ឋភាពពីរផ្ទុយស្រទ្បះពីគ្នានោះគឺ៖

ទី១៖ បើគេក្រទ្បេកមើលទិដ្ធភាពកម្ពុជានាសម័យនោះ ពីខាងក្រុមដែលមាននិន្នាការប្រឆំាងសម្ដេចឪព្រះបរមរតនកោដ្ឋ ឬសង្គមរាស្រ្ដនិយម គឺកម្ពុជា ត្រូវពួកគេចោទថាជារដ្ឋកុម្មុយនិស្ដផ្ដាច់ការ ពុករលួយ លក់ដីឲ្យយួន អាយ៉ង់ចិន គ្មានសិទ្ធិសេរីភាព គ្មានប្រជាធិបតេយ្យ និងគ្មានការរីកចម្រើនអ្វីទាល់តែសោះ។
ទី២៖ បើគេក្រទ្បេកមើលកម្ពុជានៅក្នុងភាពជាក់ស្តែងដែលរស់ក្នុងសង្គមពិតៗនាសម័យនោះ គឺកម្ពុជាមិនមានទិដ្ធភាពដូចការបំភ្លៃរបស់ក្រុមប្រឆាំងនោះទេ គឺកម្ពុជាពិតជារស់ក្នុងសិទ្ធិសេរីភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី និងមានការរីកចម្រើន លើសប្រទេសនានាក្នងតំបន់ទៅទៀត។ ត្រង់នេះហើយទើបសម័យនោះ បើយើងនិយាយអំពីវិស័យសិល្ប:ចម្រៀងវិញ កាលណាគេនឹកដល់អធិរាជសម្លេងមាស គឺគេនឹកដល់លោក ស៊ិន ស៊ីសាមុត តែបើគេនឹកដល់បទចម្រៀងទ្វីស Twist គេនឹងនឹកដល់ លោក ជុំ កែម ជាដើម។ ព្រោះលោក ជុំ កែម ជាតួអង្គសំខាន់នៃយុគ្គសម័យវប្បធម៌សិល្បុ:តន្ត្រីខ្មែរ ដែលបើកទ្វារចំហឲ្យអ្នកសិល្បៈចម្រៀងផ្សេងៗទៀត អាចងាកមកច្រៀងចំរៀង រ៉ក់ និងរ៉ូល ជាតន្ត្រីញាក់ៗដែលជាស្ទីលលោកខាងលិច។

អីចឹងចំពោះលោក ជុំ កែម ដែលជាអ្នកនាំចម្រៀងចង្វាក់ទ្វីស Twist ពីអ៉ីតាលីមកស្រុកខ្មែរនាសម័យនោះ បានឆ្លុះបញ្ចាំងអំពីព្រឹត្ដិការណ៍នយោបាយប្រវត្ដិសាស្រ្ដកម្ពុជាយ៉ាងច្បាស់ថា កម្ពុជានាទសវត្សឆ្នាំ១៩៦០ គឺជារដ្ឋពោរពេញដោយសេរីភាព ប្រជាធិបតេយ្យ ប្រជារាស្ត្ររស់នៅដោយមានភាពសប្បាយរីករាយ មានលំហូរវប្បធម៌តន្រ្ដីលោកខាងលិចដូចជាចម្រៀងចង្វាក់ទ្វីស Twist ដែលជាបទពេញនិយមរបស់លោកសេរីនាសម័យនោះ គឺខ្មែរបានយកមកចាក់ផ្សាយតាមវិទ្យុជាតិយ៉ាងពេញនិយមបំផុត។

អ្វីជាមោទនភាពសម្រាប់កុលបុត្រកុលធីតាខ្មែរ ថែមទៀតនោះ លោក ជុំ កែម បានច្រៀងបទទ្វីសTwist ជាភាសាអ៉ីតាលីប្រកបដោយទឹកដមយ៉ាងពិរោះរន្ដុំចិត្ដ ដូចជាបទ Balliam baliao , Ah!Ah! Christina , Kekomike និង Fio Di The ជាដើម។ បើពោលឲ្យខ្លីលោក ជុំ កែម ដែលច្រៀងបទទ្វីសTwist គឺជាបទដែលជាទីពេញនិយមទាំងខ្មែរ និងទាំងជនជាតិអ៉ីតាលី រហូតក្រុមហ៊ុនថាសចម្រៀងអ៉ីតាលី Teddy Reno បានចេញជាថាសចម្រៀងផ្សព្វផ្សាយពាសពេញពិភពលោក។

លោក រត្ន័ សណ្ដាប់ បន្ដថាបើនិយាយពីរបៀបរាំវិញ ចង្វាក់ទ្វីស ជាចង្វាក់ញាក់ វិវឌ្ឍតាមសភាពអ្នករាំ ដោយបន្ថែមក្បាច់ និងចលនាច្នៃប្រឌិតថ្មីៗ ពិសេសការអង្រួនត្រគាកទៅក្រោយធ្វើជាចង្វាក់អាចត្រូវបាន ផ្សំជាមួយនឹងលំនាំផ្សេងគ្នានៃចលនាដៃដើម្បីបង្កើតការប្រែប្រួលជាច្រើន។ អ្នករាំដែលមានគំនិតច្នៃប្រឌិតក៏តែងតែផ្លាស់ទីចូល និងចេញពីទម្រង់រាំទាំងនេះជាច្រើននៅក្នុងចង្វាក់រាំជាចលនាសេរី ដោយរួមបញ្ចូលគ្នានូវចលនាផ្សេងៗតាមឆន្ទៈ។ ភាគច្រើនការរាំនៃដើមទសវត្សឆ្នាំ១៩៦០ ត្រូវបានធ្វើដោយចលនាជើង ជាញឹកញាប់ប្រើរាងកាយទាំងមូល ជើង ក្បាល ស្មា ដៃ ពិសេសត្រគាក!។

បើពោលចំពោះវាសនាលោក ជុំ កែម វិញក៏មិនខុសពីវាសនាសិល្ប:អ្នកចម្រៀងរៀមច្បងដទៃទៀតនោះទេ គឺបន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ លោក ជុំ កែម ត្រូវបានរបបលន់ នល់ ចាប់ដាក់គុក បន្ដមកទៀត ក្នុងរបបខ្មែរក្រហម លោក ជុំ កែម បានរស់នៅជនបទជាកសិករ មុនពេលរបបប្រល័យពូជសាសន៍ខ្មែរក្រហម យកលោក ទៅសម្លាប់ចោល។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ យល់ថា កុលបុត្រកុលធីតាខ្មែរគួរឧទ្ទិសដល់លោក ជុំ កែម ដែលនាំចង្វាក់ទ្វីស Twist ពីអ៉ីតាលីទៅស្រុកខ្មែរ ដើម្បីទុកជាការចងចាំអំពីព្រឹត្ដិការណ៍នយោបាយប្រវត្ដិសាស្រ្ដ។ ដូច្នេះដើម្បីជាការជូនជ្រាបសូមបងប្អូនជាទីគោរពមេត្ដាស្តាប់បទចម្រៀងទ្វីស Twist ជាភាសាអ៉ីតាលីរបស់លោក ជុំ កែម ដែលមានចំណងថា «Balliam baliao» មកពីពាក្យ «Balliamo -យើងរាំ»