(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យមានភាពរីកចម្រើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។

ការបញ្ជាក់បែបនេះរបស់លោក កើត ឆែ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈដែលលោកបានចូលជាអធិបតីភាព ក្នុងពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី នៅសាលប្រជុំ ដឺ ព្រេមៀ សេនធ័រ សែនសុខ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

លោក កើត ឆែ បានលើកឡើងថា ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋាន របស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញអោយឃើញពីភាពជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយបានកៀរគរ អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា មានការរីកចម្រើន។ ៤៣ឆ្នាំនេះ ភ្នំពេញបានប្រែមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍ។

លោក កើត ឆែ បានបន្តទៀតថា ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិស័យអចលនទ្រព្យមានភាពរីកចម្រើនខ្លាំងក្លា គឺផ្តើមចេញមកពីកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងកត្តាស្ថិរភាពនយោបាយ។ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា បើគ្មានសន្តិភាពពេញលេញទេ គឺគ្មាននរណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះទេ។ គេមិនអាចយកលុយមករកស៊ី ដោយភាពប្រថុយប្រថាននោះទេ។ ចំពោះកត្តាស្ថេរភាពនយោបាយវិញ កម្ពុជាមានតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចចេះតែកើនឡើង ក្នុងរង្វង់៧ចុច ក្នុងរយៈពេល៣០ឆ្នាំ លើកលែងតែបរិបទកូវីដ-១៩ រយៈពេល២ឆ្នាំប៉ុណ្ណោះ។ កត្តាទាំង២នេះនឹងធ្វើឲ្យកម្ពុជាដើរលើនាវាអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។

លោក កើត ឆែ បានបន្តទៀតថា វិស័យឯកជន ជាដៃគូរមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាល។ ដើម្បីរក្សាបាននូវភាពរឹងមាំជាមួយវិស័យឯកជន រាជរដ្ឋាភិបាល តែងបង្កើតឡើងជាវេទិកាសាធារណៈជារៀងរាល់ឆ្នាំជាមួយវិស័យឯកជន។

លោក អេង លីឃ័ង នាយកក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី បានថា គម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងជិតរង្វង់មូលអប្សារា គល់ស្ពានព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញ ដែលអាចផ្តល់ឱកាសឲ្យធុរជនអាចធ្វើធុរកិច្ចនៅក្នុងគេហដ្ឋានរបស់ខ្លួននៅក្នុងមណ្ឌលពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព៕