(ភ្នំពេញ)៖ លោក ឡេង ប៊ុនតេង បានដឹកនាំក្រុមការងារគណបក្សប្រជាជនសង្កាត់ជ្រោយចង្វារ ប្រធានគណបក្សសង្កាត់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិកាគណបក្សសង្កាត់ ចុះជួបសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅថ្មីៗនេះ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានទទួលលទ្ធផលគួរជាទីមោទនៈ។

ការចុះជួបសួរសុខទុក្ខដល់តាមខ្នងផ្ទះនេះ ប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។ នេះសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។ ជ័យជំនះនេះជាឱកាសដ៏ប្រពៃសម្រាប់ក្រុមការងារ សមាជិក សមាជិកា និងសកម្មជននៅតាមមូលដ្ឋានយល់កាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារដែលត្រូវបន្តអនុវត្តស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

នៅចំពោះមុខប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ លោកប្រធានក្រុមការងារបានថ្លែងរំលឹកក្រុមការងារ សមាជិក សមាជិកាទាំងអស់ថា ដើម្បីតបស្នងចំពោះជំនឿទុកចិត្តរបស់ប្រជាជន ត្រូវពុះពារសំរេចភារកិច្ច នយោបាយ ក្នុងបន្ទុកទទួលខុសត្រូវរៀងៗខ្លួន ខិតខំប្រែក្លាយទៅជាសកម្មភាពការងារជាក់ស្ដែង ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន តាមរយៈការធ្វើអំពើល្អសព្វបែបយ៉ាង ជួយប្រជាជនគ្រប់ពេលវេលា ដើម្បីរក្សាឧត្ដមភាពប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាឆ្នាំ២០២៣ ខាងមុខទៀត។

លោកប្រធានក្រុមការងារក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រងត្រាប់សេចក្តីអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការបន្តចូលរួមចលនាទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ ដោយត្រូវទៅចូលរួមទទួលវ៉ាក់សាំង កូវីដ-១៩ ដូសទី៣ ទី៤ និងទី៥ ជាបន្តទៀត សំដៅពង្រឹងភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ ពិសេសត្រូវមានការប្រុងប្រយ័ត្ននូវជំងឺអ៊ុតស្វា ដែលអាជ្ញាធរទើបឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាដែលបានលបលួចឆ្លងចូលប្រទេសកម្ពុជាថ្មីៗផងដែរ៕