(រតនគិរី)៖ គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោក ជៀង អំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ក្នុងសាលប្រជុំលោកព្រឹទ្ធាចារ្យ ប៊ូ ថង។

ថ្លែងក្នុងឱកាសខាងលើនេះ លោក ជៀង អំបាន កោតសរសើរពីលទ្ធផលបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីកន្លងទៅ បានបង្ហាញនូវភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា និងបានបង្ហាញនូវអត្ថន័យជាប្រវត្តិសាស្ត្រ រួមមាន ភាពចាស់ទុំខាងនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា សមត្ថភាពគ្រប់គ្រងចាត់ចែងរបស់គណៈកម្មាធិការរៀបចំបោះឆ្នោត ការគាំទ្រដ៏រឹងមាំរបស់ប្រជាជនចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លៀសវៃគ្រប់ការដ្ឋានអភិវឌ្ឍ ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន និងបានបង្ហាញពីការពង្រឹងនិងពង្រីកភាពឈ្នះយ៉ាងធំធេងនៅក្នុងមូលដ្ឋានឃុំ-សង្កាត់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

លោក ជៀង អំ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់អង្គប្រជុំចូលរួមអនុវត្តក្នុងការបំពេញការងារឲ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕