(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានចាត់ឱ្យមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១គ្រួសារ ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោក គាំ សុខុម នាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់លោក គួច ចំរើន ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែងដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកបន្តថា ថ្វីដ្បិតតែអំណោយមនុស្សធម៌នេះមានចំនួនមិនសមល្មមនឹងការខាតបង់របស់គ្រួសារជនរងគ្រោះឡើយ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់គ្រួសារជនរងគ្រោះបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

ជាមួយគ្នានេះដែរ មន្ត្រីក៏បានក្រើនរំឭកនិងអំពាវនាវសូមឱ្យគ្រួសាររងគ្រោះត្រូវចេះការពារ កុំប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ ខ្លួនពីជំងឺកូវីដ១៩ (អូមីក្រុង) ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន រួមមាន អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ ជែល១ដប ម៉ាស់ក្រណាត់១កញ្ចប់ តង់១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន២០ម៉ឺនរៀល៕