(តូក្យូ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានទៅដល់ប្រទេសជប៉ុន នៅថ្ងៃពុធម្សិលមិញ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ សម្រាប់លោក Obama ទៅកាន់ទីក្រុង Hiroshima ដែលរងការទម្លាប់គ្រាប់បែកប្រល័យលោកពីសំណាក់អាមេរិក នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី មកពីចក្រភពអង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, កាណាដា និងជប៉ុនជាម្ចាស់ផ្ទះ កំពុងស្ថិតនៅតាមផ្លូវរបស់ពួកគេ ទៅកាន់តំបន់ Ise Shima ជាតំបន់ភ្នំ និងមានប្រជាជនរស់នៅរប៉ាត់រប៉ាយ ចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងលិចទីក្រុង Tokyo ភាគច្រើនប្រជាជនរស់នៅ ទីនោះពឹងផ្អែកលើវិស័យទេសចរ និងវប្បធម៌។
សន្តិសុខត្រូវបានរឹងបន្តឹងនៅទូទាំងតំបន់ ជាមួយនឹងការដាក់ពង្រាយកម្លាំងការពារបន្ថែម រាប់ពាន់នាក់ ដើម្បីការពារស្ថានីយ៍រថភ្លើង និងច្រកចេញចូលផ្លូវទឹក ហើយនឹងចរាចរផ្ទាល់ ឲ្យរក្សាភាពស្ងៀមស្ងាត់ជាធម្មតា នៅអំឡុងពេលកិច្ចប្រជុំរយៈពេល២ថ្ងៃ។ រដ្ឋាភិបាលជប៉ុនថា ខ្លួននឹងមិនឲ្យមានការវាយប្រហារភេរវកម្មកើតឡើង ដូចដែលបានវាយប្រហារទីក្រុង Paris និងទីក្រុង Brussels កាលពីប៉ុន្មានខែថ្មីៗនេះនោះទេ។
លោក Obama នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូង កំពុងកាន់តំណែងដែលធ្វើដំណើរទៅកាន់ទីក្រុង Hiroshima ដែលទីនោះជាតំបន់ដំបូងនៅក្នុងពិភពលោក ដែលរងការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥។
ប្រធានាធិបតីបារាំង លោក Francois Hollande និងលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ត្រូវបានគេរំពឹងថា នឹងទៅដល់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ កិច្ចប្រជុំនេះ ក៏នឹងមានការចូលរួមដោយ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi និងលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា៕