(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានប្រគល់ប្រាក់ឧបត្ថម្ភជូនក្មេងកំព្រាចំនួន១២៩នាក់ ដែលបានរៀបចំដោយអង្កការមូលនិធិពិភពកុមារកំព្រាកម្ពុជា (World Orphan Fund Cambodia) នៅមជ្ឈមណ្ឌលម៉ូឌែន៥ ដោយមានការចូលរួមពីសំណាក់សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាលដែលជាថ្នាក់ដឹកនាំឥស្លាមកម្ពុជាផងដែរ។

នេះជាលើកទី៤៧ហើយដែលអង្កការមូលនិធិពិភពកុមារកំព្រាកម្ពុជាបានផ្តល់ប្រាក់ឧបត្ថម្ភដល់កុមារកំព្រា ដែលរហូតមកដល់ពេលនេះមានកុមារចំនួន១២៩នាក់ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន១០៥ដុល្លារ (សរុបជាទឹកប្រាក់ចំនួន១៣,៥៤៥ដុល្លាអាមេរិក) ដើម្បីយកទៅផ្គត់ផ្គង់ក្នុងការសិក្សារយៈពេល៣ខែនៅតាមគេហដ្ឋានរៀងៗខ្លួន។ ក្នុងចំណោមកុមារកំព្រាចំនួន១២៩នាក់ខាងលើ មាន២៥នាក់ត្រូវបានឧបត្ថម្ភជួយជ្រោមជ្រែងពីក្រុមហ៊ុនណាសាផងដែរ។

សរុបក្នុងកម្មវិធីនេះចំណាយទឹកប្រាក់ជាង១៤,០០០ដុល្លារអាមេរិក បានមកពីជំនួយរបស់សាសនិកឥស្លាមនៅប្រទេសអូស្ត្រាលី តាមរយៈអង្គការមូលនិធិពិភពកុមារកំព្រាអូស្ត្រាលី (World Orphan Fund Australia) សហការជាមួយមូលនិធិពិភពកុមារកំព្រាកម្ពុជា (World orphan fund Cambodia)។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ដែលតែងតែធ្វើសកម្មភាពយ៉ាងផុសផុលលើការងារមនុស្សធម៌ ពិសេសការឧបត្ថម្ភកុមារកំព្រា។ លោកបានបន្តថា សកម្មទាំងឡាយនេះជាផ្នែកមួយសម្រាប់ឲ្យមានភាពរឹងមាំដល់អ្នកក្រខ្សត់ដែលពុំមានលទ្ធភាពអាចចូលរៀនសូត្របាន។ អង្គការ-សមាគមជាច្រើនបានធ្វើសកម្មភាពជួយចិញ្ចឹមកុមារកំព្រា ដែលរហូតមកដល់ពេលនេះមានកុមារកំព្រាជាច្រើនបានក្លាយជាអ្នកដឹកនាំ ប្រធានក្រុមហ៊ុន ប្រធានសហគ្រាស ម្ចាស់អាជីវកម្មនានា។

លោក អូស្មាន ហាស្សាន់ បានបន្តថា ទាំងអស់គ្នាពិតជាមានភព្វសំណាងណាស់ដែលមានមេដឹកនាំដែលមិនមែនជាអ្នកកាន់សាសនាឥស្លាម ក៏ប៉ុន្តែសាសនិកទាំងអស់ត្រូវបានយកចិត្តទុកដាក់ស្មើៗគ្នាពីរាជរដ្ឋាភិបាល ដែលបានធ្វើឲ្យកើតមាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ ក្រោយថ្ងៃរំដោះ៧មករា រាជរដ្ឋាភិបាលបានផ្តល់ជូនសាសនិកឥស្លាមសព្វបែបយ៉ាង បើកឱកាសឲ្យសហគមន៍ខ្មែរឥស្លាមអាចអភិវឌ្ឍ ដូចជាកសាងវិហារ ស៊ូរ៉ាវ សាលារៀន មជ្ឈមណ្ឌល ដែលបានបណ្តុះបណ្តាលធនធានមនុស្សបានរាប់ម៉ឺននាក់។ លើសពីនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់តេជោ ហ៊ុន សែន ក៏បានបើកឲ្យសិស្សនិស្សិតអាចស្លៀកសម្លៀកបំពាក់ប្រពៃណីចូលរៀន ហើយថែមទាំងបានបញ្ចូលគ្រូខ្មែរឥស្លាមចំនួន១,៥០០នាក់ ចូលទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡាទៀតផង។ ដូច្នេះទាំងអស់គ្នាត្រូវតែដឹងគុណ ហើយបន្តគាំទ្រចំពោះរាជរដ្ឋាភិបាលជារៀងរហូត។

លោកទេសរដ្ឋមន្ត្រីសង្ឃឹមថា ការឧបត្ថម្ភនេះជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពលំបាកខ្លះៗរបស់កុមារកំព្រា សិស្ស និស្សិត ចាស់ជរា និងប្រជាជនក្រីក្រ ហើយសង្ឃឹមថាពួកគេនឹងខិតខំរៀនសូត្រក្រេបយកចំណេះដឹង និងធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដើម្បីចូលរួមអភិវឌ្ឍនិងកសាងប្រទេសជាតិ។

គួរបញ្ជាក់ថា អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីជាផ្លូវការក្នុងក្រសួងមហាផ្ទៃនៅឆ្នាំ២០១៣ ហើយបានសហការជាមួយ World orphan fund Australia ដោយអង្គការមកពីប្រទេសអូស្ត្រាលីមួយនេះបានមកជួយឧបត្ថម្ភដល់កុមារកំព្រាកម្ពុជាតាំងពីឆ្នាំ២០១១មកម្ល៉េះ។ ក្រៅពីនេះ អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជាក៏ធ្វើសកម្មភាពលើការផ្តល់កញ្ចប់អាហារស្រាយបួស ចែកសាច់គោគូរបាន អាគីកះ ផ្តល់អាហារូបករណ៍ និងទីកន្លែងស្នាក់នៅដល់សិស្សនិស្សិត ព្រមទាំងផ្តល់អំណោយសង្គ្រោះបន្ទាន់ផងដែរ៕