(ភ្នំពេញ)៖ កូនខ្មែរ៣រូប ដណ្តើមបានមេដាយមាសពីការប្រកួតគណិតវិទ្យានៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad។ ការដណ្តើមបានមេដាយមាសរបស់កូនខ្មែរទាំង៣រូបនេះ នាំឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះសមត្ថភាពរបស់ពួកគេ។

លោក ឡៃ សុខជា តំណាងក្រុមហ៊ុន Bright Education Consultant and Travel ដែលជាអ្នកដឹកនាំ និងសម្របសម្រួលកម្មវិធីប្រកួតប្រជែងនៅកម្ពុជា និងបញ្ជូនសិស្សខ្មែរទៅចូលរួមប្រកួតប្រជែង បានប្រាប់ Fresh News ថា កម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD គឺជាការប្រឡងប្រជែងដ៏ធំមួយដែលមានមុខវិជ្ជាចំនួន ៥ រួមមាន៖ Mathematics, Natural Science, Physics and Astronomy, Cyber Security and Film Festival ដែលបេក្ខជនចូលរួមចំនួន ១,៥៣១រូប មកពី ២៦ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។

តំណាងក្រុមហ៊ុន បានឱ្យដឹងទៀតថា កម្ពុជា បានដឹកនាំការប្រឡង Copernicus Olympiad លើមុខវិជ្ជាគណិតវិទ្យា ។ ការប្រឡងមានចំនួនពីរជុំ ដែលជុំទី០១ (Online Local Elimination Round) បានធ្វើឡើងតាម Online កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយមានបេក្ខជនចូលរួមចំនួន ២១១នាក់ មកពីសាលាចំនួន៤៣ ទាំងសាលារដ្ឋ និងឯកជន។ បន្ទាប់ពីជាប់ជុំទី០១ សិស្សានុសិស្សបន្តទៅជុំទី០២ (Global Round)។

ការប្រកួតវគ្គ Global Round បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅសកលវិទ្យាល័យ Columbia University នាទីក្រុង New york ដោយមានប្រទេសចូលរួមលើមុខវិជ្ជាគណិតវិទ្យាចំនួន ៩ប្រទេស រួមមាន៖ កម្ពុជា អាមេរិក ហ្វីលីពិន អង់ហ្កោឡា ប្រេស៊ីល ប៊ុលហ្គារី គីជីស្ថាន ឡាវ និងវៀតណាម។

ជាលទ្ធផលសិស្សានុសិស្សកម្ពុជាចំនួន៣រូប ទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំងអស់ និងទទួលបានមេដាយមាស។ បន្ថែមពីនេះសិស្សានុសិស្ស ខ្មែរទទួលបានមេដាយ ប្រាក់ និងសំរិទ្ធផងដែរ។ សិស្សានុសិស្សកម្ពុជា ដែលបានបញ្ជូនទៅចូលរួមការប្រកួតនេះមានចំនួន ៣៤រូប។

សិស្សានុសិស្សកម្ពុជាទាំងបីរូបដែលទទួលជយលាភីមេដាយមាសតំណាងរួមមាន៖ ១) ឈ្មោះ ទូច ម៉ូនីកា សិស្សថ្នាក់ទី១០ មកពីសាលារៀន Westgate International School, ២) ឈ្មោះ ជា សឺហ្វុង សិស្សថ្នាក់ទី៨ មកពីសាលារៀន AIS (American Intercon School) និងទី៣) ឈ្មោះ រិទ្ធ នីវិសាលស្ណុ សិស្សថ្នាក់ទី១១ មកពីសាលារៀនវិទ្យាល័យ ឬស្សីកែវ។

ជយលាភីរបស់សិស្សានុសិស្សខ្មែរទាំង៣រូបនេះ បានធ្វើឱ្យមាតាបិតា លោកគ្រូអ្នកគ្រូ និងសាលារបស់ពួកគេមានមោទនភាពជាខ្លាំង។ សមិទ្ធផលដែលពួកគេទទួលបាននេះ គឺបង្ហាញអំពីការខិតខំប្រឹងប្រែង ឆន្ទៈ តស៊ូ ព្រមទាំងបង្ហាញអំពីអនាគតទំពាំងស្នងឫស្សីជំនាន់ក្រោយរបស់កម្ពុជា និងលើកស្ទួយមុខមាត់ប្រទេសកម្ពុជាលើឆាតអន្តរជាតិយ៉ាងពិតប្រាកដ។

លទ្ធផលរបស់សិស្សានុសិស្សទាំង៣រូប ពិតជាធ្វើឱ្យប្រជាជនកម្ពុជា មានមោទនភាព។ តាមរយៈវត្តមានរបស់ពួកគេទង់ជាតិកម្ពុជាត្រូវបានបង្ហាញក្នុងកម្មវិធីកម្រិតអន្តរជាតិមួយនេះ ហើយអ្នកចូលរួមមកពីបណ្តាប្រទេសនានា ក៏បានបង្ហាញការស្ញប់ស្ញែងចំពោះសមត្ថភាពរបស់កូនខ្មែរផងដែរ។

អ្នកស្រី ណូរ៉ា អាណាព្យាបាលសិស្សឈ្មោះ ទូច ម៉ូនីកា មកពីខេត្តសៀមរាប បានប្រាប់ Fresh News ថា អ្នកស្រីពិតជារំភើបខ្លាំងណាស់ពេលឃើញទង់ជាតិខ្មែរលើឆាកអន្តរជាតិ។

អ្នកស្រី បានបញ្ជាក់ដូច្នេះ «កូនខ្មែរយើងពិតជាខ្លាំង មានសមត្ថភាពខ្ពស់ អាចដណ្តើមមេដាយមាសបានរហូតដល់ទៅ ៣។ ក្នុងនាមខ្ញុំជាអាណាព្យាបាលសិស្សសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនប្រាយ ដែលបង្កើតកម្មវិធីនេះឡើងដើម្បីផ្តល់ឱកាសដល់ប្អូនៗសិស្សានុសិស្សខ្មែរយើងបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ»

អ្នកស្រី ណូរ៉ា ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ អ្នកស្រី ក៏សូមអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងផ្តល់ឱកាសឱ្យកូនខ្មែរ មានឱកាសបានប្រកួតប្រជែងសមត្ថភាពលើឆាកអន្តរជាតិ៕