(ព្រះវិហារ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងមកកាន់ប្រាសាទកោះកែរ នៃទឹកដីខេត្តព្រះវិហារ ដើម្បីរៀបចំពីធីបួងសួង សុំសេចក្តីសុខចម្រើន ជូនដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងឧទ្ទិសកុសលផលបុណ្យថ្វាយព្រះមហាក្សត្រគ្រប់ជំនាន់ ព្រមទាំងនាំបានយកអំណោយចែកជូនប្រជារាស្ត្រ នៅភូមិកោះកែរ និងភូមិរំចេក នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ។ ក្នុងឱកាសដ៏នក្ខត្តឬក្សនេះ ព្រះអង្គបានប្រោសព្រះរាជទាន រូបបដិមារដំរី សាងអំពីថ្មកែវ តំណាងឲ្យស្ដេចដំរីស សម្រាប់តម្កល់ជូនប្រជានុរាស្រ្ដ បានគោរពសក្ការ:នៅឯផ្នូរស្ដេចដំរីស នៃបរិវេណប្រាសាទកោះកែរ។
លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ ខេត្តព្រះវិហារ បានថ្លែងថា៖ ក្នុងព្រះរាជដំណើរយាងចុះសាកសួរសុខទុក្ខ និង ពីធីបួងសួងសុំសេចក្តីសុខ ជូនដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងការឧទ្ទិសកុសលផលបុណ្យ ថ្វាយព្រះមហាក្សត្រគ្រប់ជំនាន់ នៅប្រាសាទកោះកែរ ជាប្រវត្តិសាស្ត្រ របស់ព្រះករុណាជីវិតកម្កល់លើត្បូង ក្នុងនោះផងដែរ គឺមានព្រះរាជពិធីបួងសួងឧទ្ទិសដល់បារមី នៃផ្នូរស្ដេចដំរីស និងរូបបដិមារដំរី ដែលមានទីតាំងនៅទិសឥសាន្ដ ខាងក្រោយ ក្នុងបរិវេណប្រាសាទកោះកែរ។
លោកបានបញ្ជាក់ទៀតថា៖ ដោយសុធាជ្រះថ្លា និងការមានជំនឿលើបារមីស្ដេចដំរីស ពីប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ដែលមានសេចក្ដីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះព្រះមហាក្សត្រខ្មែរ បានថ្វាយសំណាករូបបដិមារដំរី ធ្វើពីថ្មកែវមួយនេះ ថ្វាយព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ដើម្បីព្រះអង្គប្រោសព្រះរាជទាន តម្កល់ទុកជាទីគោរពសក្ការ:បូជារបស់ប្រជារាស្ត្រ និងពុទ្ធបរិស័ទទូទៅ ដែលមានជំនឿលើស្ដេចដំរីស។
លោកបន្តថា៖ បច្ចុប្បន្ន ប្រាសាទកោះកែរ ស្ថិតនៅក្នុងឧបម្ព័ន្ធគ្រប់គ្រង នៃអាជ្ញាធរជាតិប្រាសាទព្រះវិហារ ជាមួយនិងប្រាសាទព្រះវិហារ ដែលមានទាំងជំនឿ មានទាំងបេតិកភណ្ឌ មានទាំងមនុស្ស មានទាំងធម្មជាតិ ដែលធាតុទាំងបួននេះហើយ ធ្វើឲ្យមានសុខដុមរមណីយកម្ម នៃការអភិរក្សយូរអង្វែង។
ពិសេសបំផុតទៀតនោះ គឺដោយសារព្រះរាជាណាចក្រកម្ពុជា គឺមានសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបយើងទាំងអស់គ្នា បានរក្សាការពារ អភិរក្ស នូវសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ជំនឿ សាសនា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ននេះ៕