(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា មជ្ឍមណ្ឌលកម្ចាត់មីនអាស៊ាន (ASEAN REGIONAL MINE ACTION CENTRE) នឹងបម្រើការងារជាមជ្ឈមណ្ឌលល្អឥតខ្ចោះ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាបោសសម្អាតកាកសំណល់គ្រឿងផ្ទុះសល់ពីសង្រ្គាម ដល់ប្រទេសសមាជិកអាស៊ានទាំង១០ ដែលមានការចាប់អារម្មណ៍។
ការថ្លែងបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការកណ្តាល នៃមជ្ឍមណ្ឌលកម្ចាត់មីនអាស៊ាន នៅក្នុងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ។ លោកទេសរដ្ឋមន្រ្តី បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតឲ្យមានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន នៃតំបន់អាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ យោបល់នេះ ត្រូវបានស្វាគមន៍ដោយថ្នាក់ដឹកនាំអាស៊ានទាំងអស់។ ក្រោមការគាំទ្រដ៏មុតមាំពីរដ្ឋសមាជិកអាស៊ានទាំងអស់ លក្ខខណ្ឌប្រតិបត្តិនៃមជ្ឍមណ្ឌលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២២ អំឡុងពេលប្រទេសប្រ៊ុយនេ ជាម្ចាស់ផ្ទះអាស៊ាន ឆ្នាំ២០១៣។
លោកទេសរដ្ឋមន្រ្តី បន្តថា ក្នុងដំណើរការបង្កើតមជ្ឈមណ្ឌលនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយសហការជាមួយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលាចំនួន ០២ ដែលបានផ្តល់ឱកាសល្អដល់តំណាងមកពី CMAA និង CMAC និងអ្នកជំនាញមកពីអង្គការតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធសកម្មភាពមីន ដើម្បីផ្លាស់ប្តូរ គំនិតយោបល់ ការយល់ដឹង និងមេរៀនបទពិសោធន៍សម្រាប់ប្រតិបត្តិការការងាររបស់មជ្ឈមណ្ឌល ARMAC នេះ។
ដើម្បីឱ្យមជ្ឈមណ្ឌល ARMAC មានដំណើរការល្អ និងប្រកបដោយចីរភាព លោក ប្រាក់ សុខុន បានអំពាវនាវដល់ប្រទេសដៃគូសន្ទនារបស់អាស៊ានដទៃទៀត ដៃគូអភិវឌ្ឍន៍ និងបណ្តាអង្គការពាក់ព័ន្ធនឹងសកម្មភាពកម្ចាត់មីនក្នុងតំបន់ និងអន្តរជាតិ រិះរកលទ្ធភាពក្នុងការជួយដល់មជ្ឈមណ្ឌលនេះ តាមរយៈជំនួយជាហិរញ្ញវត្ថុ ឬក៍ជំនួយបច្ចេកទេសជាដើម ដើម្បីអនុវត្តគម្រោង និងកម្មវិធីរបស់មជ្ឈមណ្ឌល ARMAC ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «យោងតាមលក្ខខណ្ឌប្រតិបត្តិ មជ្ឈមណ្ឌល ARMAC នឹងបំរើការងារជាមជ្ឈមណ្ឌលល្អឥតខ្ចោះ ដើម្បីជម្រុញកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសម្អាតកាកសំណល់គ្រឿងផ្ទុះសល់ពីសង្រ្គាម ដល់ប្រទេស សមាជិកអាស៊ានដែលមានការចាប់អារម្មណ៍។ មជ្ឈមណ្ឌលនេះ មានតួនាទីសកម្មក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ ដែលបណ្តាលមកពីគ្រាប់មីន គ្រាប់បែកចង្កោម គ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់គ្រឿងផ្ទុះសល់ពីសង្រ្គាម ព្រមទាំងជួយដល់ប្រទេសសមាជិកអាស៊ានដែលមានការចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍គំរោងពាក់ព័ន្ធនឹងសកម្មភាពបោសសំអាតមីន»។
លោក ប្រាក់ សុខុន បានបង្ហាញការជឿជាក់ថា មជ្ឈមណ្ឌលកម្ចាត់មីនអាស៊ាន នឹងរួមចំណែកយ៉ាងសម្បើម ក្នុងការពង្រឹងការផ្លាស់ប្តូរព័ត៌ មាន ការកសាងសមត្ថភាព និងការបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដោយសារគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់គ្រឿងផ្ទុះសល់ពីសង្រ្គាម នៅក្នុងតំបន់អាស៊ាន ។ ជាកិច្ចឆ្លើយតប ទៅនឹងគោលដៅរបស់ផែនការលម្អិតសហគមន៍នយោបាយ សន្តិសុខអាស៊ាន ក្នុងការបង្កើតសហគមន៍ស្ងប់ស្ងាត់ ដែលប្រជាជនអាចរស់នៅប្រកបដោយសន្តិភាព ស្ថេរភាព សន្តិសុខ និងវិបុលភាព៕