(ភ្នំពេញ)៖ សហគ្រាសមួយកន្លែង ក្នុងខេត្តពោធិ៍សាត់ បានកែច្នៃកែវក្រដាស បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូង និងពោត ដើម្បីកាត់បន្ថយសំណល់ប្លាស្ទីក ខណៈដែលបច្ចុប្បន្នមានកំណើនប្រជាជនជាច្រើនកំពុងប្រើប្រាស់ផលិតផលប្លាស្ទីក ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ជាមួយនឹងការផលិតបំពង់បឺត កែវក្រដាស និងសម្ភារមួយចំនួនដែលកែច្នៃពីអង្ករខ្មែរ ដំឡូងមី ពោត, លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុន ដែលបានកែច្នៃក្រដាស បំពង់បឺត ធ្វើអំពីអង្ករ ដំឡូងមី និងពោត ដែលជាវត្ថុធាតុដើមធម្មជាតិ ដែលគេហៅថាជីវៈប្លាស្ទីក ដែលវានឹងងាយរលាយក្នុងបរិយាកាស និងមិនបង្កផលប៉ះពាល់ដល់បរិស្ថានទេ ហើយការប្រើប្រាស់នូវរបស់របរទាំងនេះ គឺឱ្យអ្នកប្រើប្រាស់មានសុខភាពល្អ មានផាសុកភាពសម្រាប់ការប្រើប្រាស់វាមិនប៉ះពាល់ដូចផលិតផលប្លាស្ទីក។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា៖ «នេះជាផ្នែកមួយដែលយើងគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគរបៀបនេះឱ្យច្រើនបន្ថែមទៀត ព្រោះនៅក្នុងការគ្រប់គ្រង និងទប់ស្កាត់ការប្រើប្រាស់ប្លាស្ទីកនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះនូវអនុក្រឹត្យ និងលិខិតបទដ្ឋានមួយចំនួនក្នុងការគ្រប់គ្រង នៅក្នុងនោះ គឺយើងហាមឃាត់មិនឱ្យមានការនាំចូលនូវប្លាស្ទីក ដែលមានថង់ប្លាស្ទីក មានកម្រាស់លើសពី០,០៣មីលីម៉ែត្រ, ការដាក់អាករបន្ថែម និងយើងគិតលុយបន្ថែមជាតម្លៃពិសេសលើការប្រើប្រាស់ថង់ប្លាស្ទីក នៅតាមផ្សារទំនើប»។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថានជំរុញឱ្យមានការវិនិយោគផលិតនូវរបស់របរប្រើប្រាស់ ដែលធ្វើពីសារធាតុជីវៈប្លាស្ទីក គឺពីមូលដ្ឋានធម្មជាតិ ដើម្បីកុំឱ្យមានផលប៉ះពាល់ ព្រមទាំងអប់រំប្រជាពលរដ្ឋឱ្យគាត់ផ្លាស់ប្តូរឥរិយាបថ ដែលក្នុងនោះអនុវត្តនូវគោលការណ៍ (4R) គឺទី១៖ ការប្រើប្រាស់ឡើងវិញ, ទី២៖ ការកាត់បន្ថយ, ទី៣៖ ការកែច្នៃ និងទី៤៖ ការបដិសេធ។ បច្ចុប្បន្ននេះ ឃើញថាប្រជាពលរដ្ឋ គឺមានការយល់ដឹងច្រើនទៅលើការប្រើប្រាស់នូវផលិតផលប្លាស្ទីក ហើយបានផ្លាស់ប្ដូរនូវឥរិយាបថដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក តាមរយៈការដាក់ច្រកថង់រួម ឬការងាកទៅប្រើប្រាស់នូវកន្ត្រក់បរិស្ថានដបទឹកអាចប្រើប្រាស់បានឡើងវិញ ហើយនៅតាមភោជនីយដ្ឋានមួយចំនួនគឺបានអនុវត្តនូវគោលការណ៍សេរ៉ូប្លាស្ទីក ខណៈសាលារៀនមួយចំនួនក៏បានចាប់ផ្តើមអនុវត្តនេះគឺជាចំណុចបោះជំហានទៅមុខមួយដោយវិជ្ជមានទៅលើការគ្រប់គ្រងការប្រើប្រាស់ប្លាស្ទីកនៅកម្ពុជា។
«អ៊ីចឹងការផលិតនៅកែវទឹក បំពង់បឺត ដែលធ្វើពីមូលដ្ឋាននៃវត្ថុធាតុដើមជាធម្មជាតិនេះ គឺជាចំណុចមួយដែលគួរឱ្យលើកទឹកចិត្តហើយនឹងជំរុញបន្ថែមដល់វិនិយោគិនផ្សេងផៗទៀត សូមបោះទុនលើការវិនិយោគនេះ ដើម្បីផ្តល់នូវមធ្យោបាយជំនួសឱ្យប្រើប្រាស់ប្លាស្ទីកធ្វើពីគីមី ហើយចំណុចមួយទៀត គឺយើងស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ គឺផ្លាស់ប្តូរឥរិយាបថកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ហើយបើសិនជាមិនអាចកាត់បន្ថយបានទេ សូមប្រើប្រាស់ជម្រើសផលិតផល កែវ ចាន ស្លាបព្រា ឬបំពង់បឺត ធ្វើពីសារធាតុធម្មជាតិដែលនឹងងាយរលាយ ហើយបច្ចុប្បន្នយើងឃើញ ការប្រើប្រាស់ប្លាស្ទីកតែម្តងបោះចោល គឺបានកាត់បន្ថយនៅតាមភោជនីយដ្ឋាន សណ្ឋាគារ គឺប្រើប្រាស់បំពង់បឺត ពីក្រដាស ពីឫស្សី ពីដែក ពីដើមស្លឹកគ្រៃ ឬដើមថ្នក់ទឹក និងផលិតផលធម្មជាតិផ្សេងទៀតជាការជំនួស ទាំងនេះជាចំណុចសំខាន់ដែលគួរលើកទឹកចិត្តបន្ថែមទៀត»។ នេះជាលើកឡើងបន្ថែមរបស់លោក នេត្រ ភក្ត្រា។
លោកស្រី ទិត សុខុម អគ្គនាយិកាក្រុមហ៊ុន ធីខេ & ឌី មេនូហ្វេកធឺរី មានទីតាំងនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះថា លោកស្រីបានបង្កើតសហគ្រាសកែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតនេះ កាលពីពាក់កណ្ដាលឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត និងនាំចេញទៅកាន់រាជធានី-ខេត្ដផ្សេងៗទៀត ក្នុងគោលបំណងចូលរួមចំណែក់លុបបំបាត់កាក សំណល់ប្លាស្ទីក នៅក្នុងប្រទេសផងដែរ។
លោកស្រី ទិត សុខុម បានឱ្យដឹងថា «មូលហេតុដែលខ្ញុំបានបង្កើតរោងចក្រផលិតបំពង់បឺតនេះឡើងដោយសារតែលោកស្រីឃើញថាកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនខ្មែរយើងមានការកើនឡើងច្រើន ហើយការប្រើប្រាស់បំពង់បឺតប្លាស្ទីក ក៏កើនឡើនច្រើនដែរ អញ្ចឹងហើយលោកស្រី ក៏មានគំនិតចង់ធ្វើផលិតបំពង់បឺតអង្ករឡើងទៅ ដើម្បីជួយកាត់បន្ថយប្លាស្ទីក និងជួយបរិស្ថានហើយក៏ជួយកូនខ្មែរយើងមានការងារធ្វើដែរ»។
ជាមួយគ្នានេះដែរ លោកស្រីបានបន្តថា សម្រាប់កែវក្រដាស និងបំពង់បឺតដែលច្នៃយកមកផលិតគឺផ្ដោតទៅលើ អង្ករខ្មែរ ដំឡូង ពោត និងវត្ថុធាតុដើមកាកអំពៅយកមកផលិត ដោយផ្ដោតលើគុណភាព អនាម័យជាចម្បង។ បច្ចុប្បន្ននេះ បំពង់បឺតរបស់លោកស្រី មានលក់ទៅទីផ្សារម៉ាក្រូ, ហាងស្នាដៃម៉ែ និងហាងតូចៗមួយចំនួនទៀតជាដើម។