(ភ្នំពេញ)៖ ដើម្បីសរសេរព័ត៌មានមួយបានល្អ មូលដ្ឋានគ្រឹះនៃចំណេះដឹងទូទៅរបស់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយរឹតតែសំខាន់ទៅទៀត គឺការចេះគោរពនូវក្រមសីលធម៌ព័ត៌មាន។ នេះគឺជាការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញផ្នែកសារព័ត៌មានជាង៣០ឆ្នាំ។

បើតាម លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News ហៅកាត់ថា FTC, ការយល់ដឹងអំពីចំណេះដឹងទូទៅបានទូលំទូលាយ ព្រមជាមួយនូវការអនុវត្តនូវក្រមសីលធម៌ នោះនឹងធ្វើឲ្យអ្នកព័ត៌មានអាចសរសេរបានព័ត៌មាន ដែលមានភាពទាក់ទាញ និងឆាប់រហ័ស។

ថ្លែងនៅក្នុងថ្នាក់សិក្សានៅព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២នេះលោក ម៉ារ យ៉ារិទ្ធ ក៏បានបញ្ជាក់ទៅកាន់សិក្ខាកាមផងដែរថា «ជាអ្នកព័ត៌មានមិនគួរសរសេរអ្វីដែលជាមតិរបស់ខ្លួនឯងឡើយ បើទោះជាបានឃើញផ្ទាល់ក៏ដោយ។ តែគួរសរសេរបែបបង្ហាញឲ្យអ្នកអានអ្នកស្ដាប់អាចវាយតម្លៃដោយខ្លួនឯង ឬអាចដកស្រង់សម្ដីរបស់ប្រភពមកបញ្ចាក់ ដើម្បីឲ្យអត្ថបទកាន់តែមានទម្ងន់»

បើទោះជាស្ថាប័នព័ត៌មានឯកជន ត្រូវការទាក់ទាញអ្នកអានឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការលក់ពាណិជ្ជកម្មក្ដី តែការផ្សាយព័ត៌មានបានលឿនរហ័ស ប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈ នឹងនាំឲ្យស្ថាបនព័ត៌មាននោះ អាចបន្តស្ថិតស្ថេរបានយូរអង្វែង។ នេះជាការបញ្ជាក់បន្ថែមទៀតរបស់លោក ម៉ារ យ៉ារិទ្ធ។

សូមបញ្ជាក់ដែរថា លោក ម៉ារ យ៉ារិទ្ធ មានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» រូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក៕