(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជា ត្រូវការប្រាក់ប្រមាណ ៣៣៨,៥លានដុល្លារបន្ថែមទៀត ដើម្បីបោសសំអាតមីន និង គ្រាប់មិនទាន់ផ្ទុះបន្សល់ពីសម័យសង្រ្គាមកំពុងនៅរាយប៉ាយតាមតំបន់សមរភូមិប្រយុទ្ធ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការកណ្តាល នៃមជ្ឍមណ្ឌលកម្ចាត់មីនអាស៊ាន (ASEAN REGIONAL MINE ACTION CENTRE) ដែលមានទីតាំងក្រោយស្ថានទូតគុយបា តាមបណ្ដាយផ្លូវភ្លោះអូរឫស្សី រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានរំលឹកថា ការធ្លាក់ក្នុងសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃជិត ៣ទសវត្សរ៍ កម្ពុជា ត្រូវបានកត់សម្គាល់ថា ជាតំបន់មួយមានមីនច្រើនជាងគេបំផុតនៅលើពិភពលោក តាមការប៉ាន់ប្រមាណមានមីនកប់ក្នុងដីពី ៤ ទៅ ៦ លានគ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)ជាច្រើនប្រភេទទៀត នៅរាយប៉ាយនៅឡើយ ដែលបន្សល់ប្រមាណកន្លះលានតោនពីការទម្លាក់គ្រាប់បែកនៅកម្ពុជាអំឡុងពេលសង្គ្រាមនៅចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០។

លោក ប្រាក់ សុខុន បានបន្ថែមថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនេះ នាំមកនូវផលលំបាកសម្រាប់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម ដែលជាសរសរទ្រូងដ៏​សំខាន់សំរាប់សេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា ដោយមានការព្រួយបារម្ភពីបញ្ហាដ៏ធ្ងន់ធ្ងរនេះ រដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដោយមានការគាំទ្រ និង សម្របសម្រួលពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) ដើម្បីទទួលបន្ទុកសកម្មភាពបោសសំអាតមីនទូទាំងប្រទេស។

បើតាមលោកទេសរដ្ឋមន្រ្តី ជាលទ្ធផល នៃការបោសសំអាតនេះ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ ដីប្រហែល ១,៤៦១ គីឡូម៉ែត្រការ៉េ បានដោះរួចរាល់ ហើយដីប្រមាណ ១,៥៤៥ គីឡូម៉ែត្រការ៉េ នៃដីដែលនៅសល់មិនទាន់ដោះ ១,៦៤០គីឡូម៉ែត្រការ៉េទៀត នឹងត្រូវដោះឲ្យរួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ជាមួយតម្រូវការធនធាន ៣៣៨,៥ លានដុលា្លរអាមេរិក៕