(ភ្នំពេញ)៖ លោកបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងទេសរដ្ឋមន្ដ្រី គន់ គីម ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្ដរាយ បាន អនុញ្ញាតឱ្យក្រុមប្រតិភូគម្រោងនៃសាកលវិទ្យាល័យទាំង៩ សហការជាមួយសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន ចូលជួបសម្តែងការគួសម និងបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ។
គូសបញ្ជាក់ថា ប្រតិភូនៃគម្រោងនៃសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន បានស្នើសុំឱ្យមាន (ការរៀបចំផែនទីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប) ប្រតិភូនៃគម្រោងមានសាកលវិទ្យាល័យទាំងនេះ គឺមានក្នុងតំបន់អាស៊ានចំនួន ជាសមាជិកមកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងសាកលវិទ្យាល័យ នៅក្នុងតំបន់អឺរ៉ុបចំនួន៣ រួមមានប្រទេសអេស្ប៉ាញ ក្រិច និងលុច្សសំបួរ ដែលដឹកនាំដោយសាកលវិទ្យាល័យ Silesian University of Technology (SUT) ពីប្រទេសប៉ូឡូញ។
ក្នុងនាមទេសរដ្ឋមន្រ្តី គន់ គីម, លោកបណ្ឌិត ហង្ស សាមឿន បានសម្តែងការស្វាគមន៍ចំពោះក្រុមប្រតិភូគម្រោងនៃសាកលវិទ្យាល័យទាំង៩ សហការជាមួយសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន បានធ្វើ (ការរៀបចំផែនទីសម្រាប់ ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប) នៅកម្ពុជា និងបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកបណ្ឌិត ហង្ស សាមឿនបញ្ជាក់ថា តួនាទីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអ្នកសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងសហកាចូលរួមពីភ្នាក់ងារអង្គការសហប្រជាជាតិ, អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមសហការរៀបចំផែនការត្រៀមបម្រុងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនៅពេលមានគ្រោះមហន្តរាយកើតឡើង។
បន្ថែមពីនេះលោកបណ្ឌិត ហង្ស សាមឿន បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមខ្លួនរួចជាស្រេចគាំទ្រ និងសហការជាមួយកម្មវិធី (ការរៀបចំផែនទីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប) ដើម្បីឈានទៅសម្រេចឱ្យបាននៅគម្រោងនៃសាកលវិទ្យាល័យទាំង៩ និងសាកលវិទ្យាល័យក្នុងតំបន់អាស៊ាន និងជាពិសេសធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តការ ពង្រឹងសមត្ថភាព កិច្ចសម្របសម្រួល លើការត្រៀមរៀបចំ ដើម្បីចូលរួមចំណែកពង្រឹងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕