(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា អាជ្ញាធរមីន បានបង្កើតយន្តការភូមិអស់មីន ដើម្បីធានាថារាល់ចម្ការមីនទាំងអស់ ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាត ដើម្បីគាំទ្រដល់ផែនការអាទិភាពអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការប្រកាសភូមិវាល ជាភូមិអស់មីន ក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភាកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ។ ការបោសសម្អាតមីននៅភូមិវាល ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានការគាំទ្រពីអង្គភាព Khmer Times ប្រតិបត្តិការបោសសម្អាតដោយកងកម្លាំងនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា យន្តការភូមិអស់មីន នឹងជួយពន្លឿនដល់ការបោសសម្អាតមីន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងរួមចំណែកយ៉ាងមានប្រសិទ្ធភាព ដល់ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ គាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសង្គម កំពុងមានការរីកចម្រើនខ្លាំង ព្រមទាំងរួមចំណែកផងដែរ ធានាដល់ការកាត់បន្ថយចំណាយប្រតិបត្តិការរបស់ប្រតិបត្តិករ និងឈានទៅលុបបំបាត់អារម្មណ៍ភ័យខ្លាចរបស់សហគមន៍មូលដ្ឋាន ជាពិសេសទាក់ទាញនូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗ និងសប្បុរសជននានា បន្ថែមទៀត។
លោកបានបញ្ជាក់បន្ថែមថា ជាមួយនឹងយន្តការនេះ ចាប់ពីឆ្នាំ២០២១ អាជ្ញាធរមីន បានចលនាកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អ្នកវិនិយោគិន និងសប្បុរសជននានា ដើម្បីទទួលការគាំទ្រនិងធ្វើការបោសសម្អាត ដោយចាប់ផ្តើមបញ្ចប់ការគំរាមដោយសារមីន ពីភូមិមួយ ទៅភូមិមួយ និង ពីខេត្តមួយ ទៅខេត្តមួយ ក្រោមការដឹកនាំ និងសម្របសម្រួលផ្ទាល់របស់អាជ្ញាធរមីន។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា ការចូលរួមពីអង្គភាព Khmer Times ក្នុងការបញ្ចប់វត្តមានគ្រាប់មីន ដែលយើងបានដឹង ឲ្យអស់ពីភូមិវាល គឺជាចូលរួមគាំទ្រក្នុងការអនុវត្តដល់យន្តការភូមិអស់មីន ដែលជាវិភាគទានដោយផ្ទាល់ពីសហការី និងក្រុមគ្រួសាររបស់អង្គភាព Khmer Times ទាំងមូល។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក T Mohan និពន្ធនាយកនៃអង្គភាព Khmer Times និងសហការី ដែលបានផ្តល់នូវទឹកចិត្តប្រកបដោយសប្បុរសធម៌ការរួមចំណែកផ្តល់ដីសុវត្ថិភាព និងសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជម្រុញឲ្យកម្ពុជាកាន់តែខិតជិតសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥។
ក្នុងឱកាសនោះ ប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា លោកទេសរដ្ឋមន្រ្តី ពិតជាអបអរសាទរ សម្តែងនូវការដឹងគុណ និងកត្តញ្ញូដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបង្កើតឲ្យមានចលនាជាតិដោះស្រាយបញ្ហាគ្រាប់មីន ដើម្បីឈានឆ្ពោះទៅកម្ពុជាសូន្យមីនឆ្នាំ២០២៥ តាមរយៈ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
សូមបញ្ជាក់ថា ភូមិអស់មីន មិនមែនជាភូមិអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ។ មានន័យថា ភូមិវាលអស់មីន មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ សូមបងប្អូនបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕