(ព្រះសីហនុ)៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលមិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានៅឡើយទេ ខណៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលបានព័ត៌មានថា បុគ្គលជនជាតិនីហ្សេរីយ៉ារូបនេះ បានរត់គេចខ្លួនទៅដល់ខេត្តរបស់លោកហើយ និងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវករណីនេះបន្ទាន់។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «មកទល់ពេលនេះ យើងមិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ាទេ»។
តាមរយៈសារសំឡេង លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរទេសចរណ៍ មន្ទីរការងារ និងអ្នកពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់តាមដំណឹងបញ្ជាក់ថា បានមកដល់ខេត្តព្រះសីហនុ ដូច្នេះសូមបង្កើនការគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ ក្នុងករណីប្រទះឃើញនៅកន្លែងណាសូមរាយការណ៍មកសុខាភិបាល ដើម្បីចាត់វិធានការគ្រប់គ្រងឲ្យបានលឿនបំផុត»។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យគ្រប់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ត្រូវស្រាវជ្រាវលើការងារនេះបន្ទាន់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងហានិភ័យដែលកើតឡើងដោយប្រការណាមួយ។
គួរជម្រាបថា មកទល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បាននិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ កំពុងស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលមានផ្ទុកជំងឺអុតស្វា ប៉ុន្ដែរត់គេចពីការព្យាបាលនៅប្រទេសថៃ ហើយសំដៅមកប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ថៃបានប្រកាសពីការរកឃើញជាលើកដំបូង នៃករណីជំងឺអុតស្វានៅក្នុងប្រទេសខ្លួន ប៉ុន្តែអ្នកជំងឺ ដែលជាបុរសជនជាតិនីហ្សេរីយ៉ាអាយុ២៧ឆ្នាំម្នាក់ បានរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលដំណឹងនៃលទ្ធផលធ្វើតេស្តវិជ្ជមាន។
ករណីខាងលើត្រូវបានរកឃើញ នៅលើកោះទេសចរណ៍ ភូកេត កាលពីចុងសប្តាហ៍មុន នៅពេលអ្នកជំងឺ បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យឯកជនមួយកន្លែង ដោយមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺអុតស្វា។ បើតាមក្រុមមន្រ្តីសុខាភិបាលថៃ ខាងមន្ទីរពេទ្យ បានយកសំណាកពីអ្នកជំងឺ ដើម្បីទៅធ្វើតេស្តក្នុងមន្ទីរពិសោធ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ បន្ទាប់មក នាយប់ថ្ងៃចន្ទសប្តាហ៍នេះ លទ្ធផលចេញមកបង្ហាញថា វិជ្ជមាន។
អាជ្ញាធរសុខាភិបាលកោះភូកេត បានឲ្យដឹងថា ក្រោយទទួលដំណឹងនៃលទ្ធផលធ្វើតេស្ត អ្នកជំងឺបានបដិសេធទទួលការព្យាបាល ហើយបិទទូរស័ព្ទរបស់ខ្លួន លែងឲ្យមន្ទីរពេទ្យទាក់ទងបាន។ បុរសជនជាតិនីហ្សេរីយ៉ារូបនោះ បានចូលមកដល់ប្រទេសថៃ តាំងតែពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ហើយបានស្នាក់នៅខុនដូមួយកន្លែង ក្នុងក្រុងផាតុង (Patong) នៃកោះភូកេត ចាប់ពីខែវិច្ឆិកា ឆ្នាំមុន រហូតមក៕