(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអ៉ីតាលី ជួយជំរុញពលរដ្ឋខ្លួនមកកម្សាន្តនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ស្របតាមការចុះអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និង អ៉ីតាលី កាលពីឆ្នាំ២០១៥។
សំណើរបស់លោក ប្រាក់ សុខុន បានធ្វើឡើងក្នុងឱកាសដែលលោកអនុញ្ញាតឲ្យ លោក Francesco Saverio Nisio ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅទីស្តីការក្រសួងការបរទេសនារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា លោកជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្នើឯកអគ្គរដ្ឋទូតអ៉ីតាលី ពន្លឿនអនុវត្តន៍អនុស្សារណៈលើវិស័យទេសចរណ៍ ដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ លោកទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវការស្វាគមន៍ចំពោះការចុះហត្ថលេខាពង្រីកវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា-អ៉ីតាលី នៅទីក្រុងរ៉ូមកាលពីឆ្នាំកន្លងទៅ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរអ៉ីតាលី កម្ពុជា បានរៀបចំឲ្យមានភោជនីយដ្ឋានលក់អាហាររបស់ជនជាតិ អ៉ីតាលី ក៏ដូចជាការបង្កើតឲ្យមានមគ្គុទ្ទេសន៍ទេសចរណ៍និយាយភាសាអ៉ីតាលីជាដើម។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី
លោក ប្រាក់ សុខុន ក៏បានលើកជាសំណើឲ្យមានការមកបំពេញទស្សនកិច្ចរបស់ជនជាតិអ៉ីតាលី ជាក្រុម និងជាកញ្ចប់មកកាន់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ កម្ពុជា និង ឡាវ ដែលជាមធ្យមមានប្រជាពលរដ្ឋអ៉ីតាលីប្រមាណ ២០០,០០០នាក់ មកលេងប្រទេសទាំង៣នេះ ជារៀងរាល់ឆ្នាំ។
ឆ្លើយតបនិងសំណើ លោក Francesco Saverio Nisio បានសន្យាខិតខំជំរុញភ្ញៀវទេសចរអ៉ីតាលី មកកាន់ប្រទេសកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។
ក្នុងជំនួបនេះ លោក ប្រាក់ សុខុន និង លោក Francesco Saverio Nisio ក៏បានពិភាក្សាពីការពង្រីកពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ លោក Francesco Saverio Nisio បានអរគុណកម្ពុជា ដែលបានគាំទ្រអ៉ីតាលី ចូលជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មកម្ពុជា-អ៉ីតាលី នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានទំហំទឹកប្រាក់ប្រមាណ ២៣០លានដុល្លារអាមេរិក៕