(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់ «សៅសេមាធម្មចក្រ» ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសាររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា៖ «ខណៈនេះទូលព្រះបង្គំខ្ញុំព្រះករុណា សូមប្រគេនថ្វាយនូវបីតិសោមន្សរីករាយជាអនេកប្បការ ចំពោះព្រះអង្គដែលមានកិត្តិយសឧត្តុង្គឧត្តមទទួលនូវពានរង្វាន់ (សៅសេមាធម្មចក្រ) ពីសម្តេច ព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
ក្នុងវរោកាសដ៏មហាមង្គលនេះ ទូលព្រះបង្គំខ្ញុំព្រះករុណា សូមព្រះអនុញ្ញាតនមស្ការថ្វាយនូវសម្ភាវកថាប្រកប ដោយសច្ចភាពជាវិជ្ជមានដ៏ល្អប្រត្យក្សបំផុត ដោយមួយព្រះជន្មរបស់ព្រះអង្គតែងបដិបត្តិយ៉ាងខ្ជាប់ខ្ជួននូវព្រះវិន័យ និងព្រះសិក្ខាបទទ្រទ្រង់នូវភាពជាឧត្តមភេទ ព្រមទាំងចែករំលែកបណ្តុះបណ្តាលធនធានព្រះសង្ឃតម្រង់ទិស តាមផ្លូវពុទ្ធបាវចនាទាំងបី ជាគោលគ្រឹះដ៏រឹងមាំនៃព្រះពុទ្ធសាសនា អនុវត្តន៍គន្លងថេរវាទគ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា»៕