(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីហេតុការណ៍ នៅរសៀលថ្ងៃទី២២ ខែកក្កដាម្សិលមិញ ដែលមានក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន Naga ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យ បៀល ប្រាយ។
មិនខុសពីរាល់ដង ដោយមានការត្រៀមលក្ខណៈរួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្តាប់តូចដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អមកលើអាជ្ញាធរមានសមត្ថកិច្ច និងបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយធ្វើសកម្មភាពប្រមូលផ្តុំគ្នាយ៉ាងអាណាធិបតេយ្យ ដើរដង្ហែធ្វើបាតុកម្មតាមដងផ្លូវសាធារណៈ លើកបដា ស្រែកឡូឡាទាមទារនេះទាមទារនោះជេរប្រមាថមកលើមន្ត្រីសាធារណៈ ផ្លុំប៉ីជ័រ វាយស្គរ បង្កសម្លេងរំខានដល់គេឯង និងនាំគ្នាឈរអង្គុយបិទចរាចរណ៍មិនឱ្យមានការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។
បន្ថែមពីលើនេះទៀត ក្នុងគោលបំណងបង្កើតរូបភាពអវិជ្ជមានផ្សេងៗ ដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់ ទៅធ្វើការផ្សព្វផ្សាយ តាមរយៈការលូកដៃចូលរួមយ៉ាងចំហរ និងសកម្មពីបុគ្គលមួយចំនួនដែលមិនមែនជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ពិសេសការញុះញង់ ក្នុងន័យដុតកម្ដៅបញ្ឆេះកំហឹងពីសំណាក់ឈ្មោះ វន ពៅ និងឈ្មោះ យ៉ាង សោភ័ណ្ឌ ក្រុមបាតុករហ៊ានបុកទម្លាយប៉ារាស និងបង្កហិង្សាមកលើសមត្ថកិច្ច មានលក្ខណៈទ្រង់ទ្រាយធំជាងមុនដែលសមត្ថកិច្ចចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មួយចំនួនតូចដែលនៅសេសសល់ សូមបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕