(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង គម្រោងវិនិយោគ និងចាត់អាទិភាពគម្រោងដែលគ្រោងប្រើប្រាស់តែថវិការខេត្ត ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត អាគាក្រុមប្រឹក្សាខេត្តជាន់ទី១ (សាលាខេត្តចាស់)។
ក្នុងកិច្ចប្រជុខាងលើ លោក គួច ចំរើន បានថ្លែងថា ផ្អែកលើគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍនៅតាមឃុំសង្កាត់ មានភាពខុសគ្នា ដោយសារពីបណ្តាឆ្នាំមុនៗ យើងធ្វើការបែងចែកកញ្ចប់ថវិកា បែងចែកតាម អនុគណនេយ្យ ផ្អែកតាមទំហំថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ថវិកាត្រូវធ្វើការបែងចែកទៅគ្រប់ឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ ដោយសារឆ្នាំកន្លងមក ការអភិវឌ្ឍយើងប្រមូលផ្តុំនៅតែតំបន់ទីក្រុង ក៏ប៉ុន្តែកញ្ចប់ថវិកាឆ្នាំ២០២៣ យើងត្រូវធ្វើការបែងចែកកញ្ចប់ថវិកាទៅតាមឃុំសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដោយធ្វើយ៉ាងណាក្នុងមួយឃុំសង្កាត់ ឱ្យបានមួយគម្រោង ដូច្នេះអភិបាលក្រុងស្រុក ត្រូវពិនិត្យ និងផ្តល់យោបល់ថា តើតំបន់ណាជាតំបន់អាទិភាព (តំបន់ប្រជុំជន)។ ដូច្នេះយើងត្រូវធ្វើការសិក្សាវាយតម្លៃអំពីគម្រោងវិនិយយោគនីមួយៗដោយយកចិត្តទុកដាក់ ដើម្បីឱ្យសមិទ្ធផលរបស់យើងបានកាន់តែច្រើននៅតាមមូលដ្ឋាន។
លោកអភិបាលខេត្ត បានបន្តទៀតថា កញ្ចប់ថវិកាឆ្នាំ២០២៣ ដែលទម្លាក់ដោយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ មកអភិវឌ្ឍពង្រាយ ឲ្យបានគ្រប់ឃុំ-សង្កាត់ ទាំង២៩ ក្នុងខេត្តព្រះសីហនុ យ៉ាងហោចណាស់មួយឃុំ-សង្កាត់ ឲ្យបានផ្លួវ១ខ្សែយ៉ាង៕