(ពោធិ៍សាត់)៖ បញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ចំនួន២ករណីផ្សេងគ្នា ដែលកើតមាននៅក្នុងឃុំឈើតុំ និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ដោយជោគជ័យ ដោយគ្មាអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ដោយប្រើប្រាស់ពេលវេលាជាង៣ម៉ោង។
កិច្ចសម្របសម្រួលខាងលើនេះ ធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ នៅសាលប្រជុំសាលាស្រុកក្រគរ ដោយបានការចូលរួមពីសំណាក់ លោកអភិបាល អភិបាលរងស្រុក ក្រុមការងារថ្នាក់កណ្តាល នាយកទីចាត់ការអន្តរវិស័យ មន្ត្រីភូមិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្សេងទៀត។
ទំនាស់ដីធ្លីទាំង២ករណីនោះរួមមាន៖ ទី១-ករណីទំនាស់ដីធ្លីនៅឃុំឈើតុំ ទាក់ទងនឹងផ្លូវចេញចូល តាំងពីទសវត្ស៨០ ត្រូវបានបិទ និងបើកកន្លែងផ្សេងថ្មី ដោយគ្រួសារមួយ មានភាពមិនច្បាស់លាស់នាំឱ្យទំនាស់។ ទី២-ករណីទំនាស់ដីធ្លីនៅឃុំអន្លង់ត្នោត ដោយភាគីម្ខាងមិនយល់ព្រមកំណត់ព្រំ តាមប្លង់សុរិយោដី(ប្លង់រឹងនិស្សិត) ទាមទារកំណត់ព្រំតាមគន្លងផ្លូវ ដែលគាត់បានធ្វើរបងឯកតោភាគី។
ថ្លែងក្នុងឱកាសនោះ លោក ចេង ឡៃ អភិបាលខេត្តស្តីទី បានជម្រាបជូនពីយន្តការ នៃការសម្របសម្រួលរបស់អាជ្ញាធរនាពេលនេះ គឺជាការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដូច្នេះលោកស្នើដល់ភាគីពាក់ព័ន្ធ សូមមានឆន្ទះក្នុងការចូលរួមដោះស្រាយបញ្ចប់ទំនាស់នេះទាំងអស់គ្នា។ លោកបានបន្តថា ករណីទំនាស់ដីធ្លីទាំង២ករណីខាងលើ ត្រូវបានអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការសម្របសម្រួលដោះស្រាយ ជាច្រើនលើកច្រើនសារណាស់មកហើយ តែនៅមិនទាន់ជ្រះស្រឡះ ទើបថ្ងៃនេះលោកដឹកនាំសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីទាំងនោះ ដល់រដ្ឋបាលស្រុកផ្ទាល់តែម្តង។
ក្រោយការសម្របសម្រួលដោះស្រាយ ដោយប្រើប្រាស់ពេលវេលាជាង៣ម៉ោង ភាគីទំនាស់ទាំងសងខាង បានស្រុះស្រួលគ្នាបញ្ចប់ទំនាស់ ដោយករណីទី១ ទាក់ទងនឹងផ្លូវចេញចូល តាំងពីទសវត្ស៨០ ត្រូវបានបិទ និងបើកកន្លែងផ្សេងថ្មីនោះ ត្រូវបើកផ្លូវតាមលំនាំចាស់វិញ ដើម្បីចប់រឿង។ ករណីទី២ ករណីភាគីម្ខាងមិនយល់ព្រមកំណត់ព្រំ តាមប្លង់សុរិយោដី(ប្លង់រឹងនិស្សិត) ទាមទារកំណត់ព្រំតាមគន្លងផ្លូវ ដែលគាត់បានធ្វើរបងឯកតោភាគីនោះ ត្រូវយកតាមប្លង់សុរិយោដី ដោយភាគីម្ខាងទៀតខាតបង់ដីបន្តិចបន្តួច ដើម្បីបញ្ចប់រឿង។
ភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោក ចេង ឡៃ អភិបាលខេត្តស្តីទី មកលើចំណាត់ការដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕