(ភ្នំពេញ)៖ លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាល «ភាពជាសហគ្រិនឆ្នើម» សហគ្រិនល្អជាជនស្នេហាជាតិ ជូនដល់សមាជិក សមាជិការបស់ខ្លួន ក្នុងគោលបំណងបំផុសស្មារតីសហគ្រិនភាព និងការពង្រឹងសមត្ថភាពលើការដឹកនាំគ្រប់គ្រង ចាត់អាជីវកម្មឱ្យកាន់តែខ្លាំងជាងមុន ដើម្បីរួមចំណែកធ្វើសេដ្ឋកិច្ចក្នុងស្រុកមានភាពរឹងមាំ។
វគ្គបណ្ដុះបណ្ដាលលើកទី១នេះ បានប្រកាសបើកជាផ្លូវការក្រោមការចូលរួមពីលោក នួន ផារ័ត្ន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងនោះក៏មានប្រធាន អនុប្រធាន ទីប្រឹក្សាជាន់ខ្ពស់ និងសមាជិកសមាជិកាចំនួន២៦៥នាក់ចូលរួម។
លោកបណ្ឌិត អោម សេងបូរ៉ា បានលើកឡើងថា កម្មវិធីជួបជុំនេះនឹងត្រូវរៀបចំរៀងរាល់មួយខែម្ដង ក្នុងទិសដៅកសាងកម្លាំងថ្នាក់ដឹកនាំ ផែនសហគ្រិនវ័យក្មេង កៀរគរប្រមូលផ្តុំសហគ្រិនឱ្យបានកាន់តែច្រើន ដើម្បីគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះឆ្នោត ដឹកនាំប្រទេសជារៀងរហូត។
លោកបណ្ឌិតបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ដែលបានចូលរួម បេសកកម្មជាមួយផែនសហគ្រិនវ័យក្មេង និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិតបានថ្លែងថា សហគ្រិនល្អគឺជនស្នេហាជាតិ ព្រោះសហគ្រិនបានរួមចំណែក ក្នុងបង្កើតផលិតផលសេវាកម្មប្រើប្រាស់ ក្នុងសង្គមបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ រួមចំណែកកសាងធនធានមនុស្ស និងបានបង្កើតចំណូលពន្ធជូនរដ្ឋបានច្រើនជាងគេ។
លោកបណ្ឌិតក៏បានចែករំលែកចំណេះដឹង ភាពជាសហគ្រិនជោគជ័យជាច្រើនចំណុច ជូនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ជាច្រើនចំណុចដូចជា ដើម្បីឲ្យអាជីវកម្មទទួលបានជោគជ័យ សហគ្រិនត្រូវត្រូវមានមហិច្ឆតាមានគោលដៅធំ មានផែនការអាជីវកម្មច្បាស់លាស់, ស្រលាញ់អ្វីដែលខ្លួនធ្វើ, ក្លាហានហ៊ានចាប់ផ្ដើមហ៊ានប្រថុយ, រងចាំ ចាប់ និងបង្កើតឱកាស បន្ថែមការស្វែងយល់ពីទីផ្សារជានិច្ច។
លោកបានបន្ដទៀតថា បន្ថែមពីនេះភាពជាសហគ្រិនជោគជ័យត្រូវមាន ការផ្តោតគ្រប់គ្រងអារម្មណ៍បានល្អ មិនឆ្វេចឆ្វាចរវើរវាយ, ធ្វើសកម្មភាពលឿនមិនរង់ចាំ, តស៊ូ-អត់ធ្មត់ ឈ្នួលទៅមុខមិនខ្លាចនឿយហត់, ផ្ដោតលើលទ្ធផល ផ្ដោតលើអ្វីដែលសំខាន់មានប្រយោជន៍, ត្រូវចេះដោះស្រាយបញ្ហា បម្លែងបញ្ហាទៅជាឱកាស ពីបញ្ហាធំមកបញ្ហាតូច ពីបញ្ហាតូចមកគ្មានបញ្ហា ត្រូវចេះយកបញ្ហា និងបរាជ័យជាមេរៀន ត្រូវចេះជាដាច់ខាតលើការទំនាក់ទំនង ចេះឱ្យតម្លៃលើទំនាក់ទំនង បើកចិត្តទូលាយហ៊ានវិនិយោគហ៊ានចាយមុន ដើម្បីបានទទួលបានផលប្រយោជន៍នៅពេលក្រោយ។
លោកបណ្ឌិតបានបញ្ជាក់ថា ដើម្បីក្លាយជាសហគ្រិនជោគជ័យ ត្រូវចេះប្រើធនធានឲ្យចំគោលដៅ មានអត្តចរិត និងផ្នត់គំនិតវិជ្ជមាន ពូកែគិតច្នៃប្រឌិត ត្រូវចេះយុទ្ធសាស្ត្រ និងពូកែដឹកនាំ ចាត់ចែង និងរក្សាមនុស្ស លើសីពនេះត្រូវតែចេះផ្សព្វផ្សាយការលក់ និងត្រូវមានជាចាំបាចនូវទីប្រឹក្សា និងគ្រូបង្វឹកខ្លាំង ព្រមទាំងបន្តរៀនសូត្រជាប់ជានិច្ច រៀនពីមនុស្សជុំវិញ រៀនពីពិភពលោក។
វគ្គបណ្ដុះបណ្ដាលលើកដំបូងនេះ ក៏មានការចូលរួមចែករំលែកបទពិសោធន៍ ពីការដឹកនាំគ្រប់ចាត់ចែងអាជីវកម្ម ពីសំណាក់លោកឧកញ៉ា ចេង ខេង ទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេង ព្រមទាំងអនុប្រធានផែនសហគ្រិនវ័យក្មេង២រូបទៀតរួមមាន លោកស្រី ថេ ដាឡែន និងលោក ថន ណារ៉េត។
លោក ថន ណារ៉េ បានថ្លែងថា ឆ្លងកាត់បទពិសោធន៍លើ ការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែខ្លាំង ដើម្បីឲ្យដំណើរការអាជីវកម្មឆ្ពោះ ទៅរកភាពជោគជ័យ ត្រូវកសាងកេរ្ដិ៍ឈ្មោះអាជីវកម្មល្បីជាមុនសិន ដើម្បីឲ្យឈ្មោះអាជីវកម្មល្បីត្រូវអនុវត្តន៍តាមវិធីសាស្រ្ដរួមមាន៖ * បង្កើនភាពទាក់ទាញសម្រាប់ខ្លួនឯង គឺត្រូវសាងកេរ្ដិ៍ឈ្មោះខ្លួនជាមុនសិន មុននឹងកសាងកេរ្ដិ៍ឈ្មោះរបស់អាជីវកម្មព្រោះថា នៅពេលធ្វើទីផ្សារផ្សព្វផ្សាយលក់ផលិតផលអ្វីមួយ អតិថិជននឹងសិក្សាពីក្រុមហ៊ុនជាមុនសិន មុននឹងបញ្ជារទិញ ប៉ុន្ដែប្រសិនបើអតិថិជនស្គាល់យើង នោះទំនុកចិត្តនៃការទិញផលផលក្រុមហ៊ុននឹងកើនមាន, ការបង្កើនឱកាសសម្រាបខ្លួនឯង គឺត្រូវបង្កើនទំនាក់ទំនងជុំវិញខ្លួន រួសរាយរាកទាក់ ផ្ដល់ឱកាសឲ្យអ្នកនៅជុំវិញខ្លួនជាមុន ស្គាល់កាលៈទេសៈជាដើម។
លោកបានបន្ដថា កត្តាសំខាន់មួយទៀតគឺការបង្កើនឱកាសសេពគប់ថ្មីៗ ដើម្បីឲ្យអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យត្រូវ បង្កើនឱកាសសេពគប់ថ្មីៗ តាមរយៈការបណ្ដុះបណ្ដាលសិក្ខាសាលា, កិច្ចការសង្គម សប្បុរសធម៌, សមាគមពាក់ព័ន្ធ និងតាមរយៈការគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកស្រី ថេ ដាឡែន អគ្គនាយិកានៃភោជនីយដ្ឋានបាយ័ន បានចែករំលែកបទពិសោធន៍អំពី វិធីសាស្រ្ដក្លាយជាសហគ្រិនឆ្នើម ក្នុងវិស័យភោគជនីយដ្ឋាន។ លោកស្រីបានថ្លែង ដើម្បីឲ្យអាជីវកម្មក្នុងវិស័យភោគជនីយដ្ឋានទទួលបានជោគជ័យ យើងត្រូវកំណត់ចក្ខុវិស័យឲ្យអាជីវកម្មឲ្យបានច្បាស់លាស់, ការកំណត់គោលដៅច្បាស់លាស់, ត្រូវចេះធ្វើផែនការអាជីវកម្ម, ការធ្វើផែនការផ្នែកធនធានមនុស្ស និងរដ្ឋបាល ព្រមទាំងការធ្វើផែនការលើផ្នែកហិរញ្ញវត្ថុផងដែរ។
លោកស្រីបានបន្ដថា ដើម្បីឲ្យអាជីវកម្មទទួលបានជោគជ័យ សំខាន់គឺត្រូវផ្ដោតចក្ខុវិស័យ និងគោលដៅដែលខ្លួនចង់ធ្វើឲ្យបានច្បាស់លាស់ អត់ធ្មត់ពុះពារគ្រប់ឧបសគ្គ កំណត់ផែនការឲ្យបានច្បាស់លាស់ និងចាប់ផ្ដើមអនុវត្តន៍ ត្រូវកសាងសមត្ថភាពរបស់ខ្លួនឲ្យខ្លាំង អាចប្រឈរមុខដោះស្រាយ និងដឹកនាំអ្នកក្រោមឱវាទឲ្យឆ្ពោះទៅរកភាពជោគជ័យដូចគ្នា។
លោកស្រីបានបន្ដថា អាជីវកម្មជោគជ័យត្រូវចេះរៀបចំផ្នែកធនធានមនុស្ស និងរដ្ឋបាល រៀបចំមនុស្សឲ្យត្រូវតាមសមត្ថភាព ទេពកោសល្យ ជំនាញ បទពិសោធន៍ និងហ្វឹកហ្វឺនក្នុងការត្រៀមចេញពេលបើកសាខានីមួយៗ គ្រប់គ្រោងម៉ោងចេញចូល និងការបើកប្រាក់ខែឲ្យបុគ្គលិក។ អាជីវកម្មមិនអាចឈានឆ្ពោះទៅរកភាពជោគជ័យបានឡើយ ប្រសិនបើអ្នកមិនខ្លាំងលើការដឹកនាំ។
លោកស្រីបានបញ្ជាក់ថា ចំណុចសំខាន់មួយទៀតដែលមិនអាចខ្វះបាន ដើម្បីឲ្យអាជីវកម្មទទួលបានជោគជ័យគឺ ការចេះរៀបចំផែនការផ្នែកហិរញ្ញវត្ថុ ត្រូវចេះគ្រប់គ្រងចំណូល ចំណាយ គ្រប់គ្រងស្ដុក បញ្ជី ការបញ្ជារទិញ ការគ្រប់គ្រងការបាត់ ការលួច និងការកិបកេងបន្លំផ្សេងៗ។
លោកឧកញ៉ា ចេង ខេង ក៏បានចែករំលែកនូវបទពិសោធន៍ និងចំណេះជំនាញជាច្រើន លើភាពជាសហគ្រិនឆ្នើម ក្នុងវិស័យអចលនទ្រព្យ ជូនដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជារាធានីផងដែរ។ លោកឧកញ៉ា ចេង ខេង បានថ្លែងថា ដើម្បីក្លាយជាសហគ្រិនឆ្នើមត្រូវ ជឿជាក់លើមុខជំនាញដែលខ្លួនបានជ្រើសរើស, ត្រូវជឿជាក់លើក្រុមហ៊ុន ជឿជាក់លើការដឹកនាំរបស់មេដឹកនាំ។
លោកឧកញ៉ាបានបន្ដថា «ការជឿជាក់លើជំនាញរបស់ខ្លួនពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាក់ស្ដែងដូចខ្ញុំឈរលើវិស័យអចលនទ្រព្យ ខ្ញុំជឿជាក់ និងតស៊ូលើវិស័នេះ ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ ទោះបីទីផ្សារអចលនទ្រព្យមានស្ថានភាពបែបណាក៏ដោយ ក៏ខ្ញុំនៅតែអាចឈរជើងបានរហូត ដោយសារតែខ្ញុំមានភាពខ្លាំង ការជឿជាក់ លើកចំណេះជំនាញរបស់ខ្ញុំ»៕