(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា សហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ កំពុងស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលមានផ្ទុកជំងឺអុតស្វា ប៉ុន្ដែរត់គេចពីការព្យាបាលនៅប្រទេសថៃ ហើយសំដៅមកប្រទេសកម្ពុជា។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរថៃ ពាក់ព័ន្ធការរត់គេច របស់អ្នកជំងឺអុតស្វាម្នាក់នោះ នៅពេលនេះក្រសួងសុខាភិបាល និងសមត្ថកិច្ចកំពុងប្រទាក់ក្រឡាគ្នា នៅគ្រប់ច្រកចូលទាំងអស់ដែលជាប់ព្រំដែនថៃ មិនថាតែច្រកទ្វារអន្ដរជាតិ ច្រកតំបន់ ឬច្រករបៀង និងផ្លូវទឹកជាដើម។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បែបនេះថា «ក្រោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រប់មន្ដ្រីសុខាភិបាលដែលប្រចាំការនៅតាមច្រកទាំងអស់ ដោយសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងត្រៀម។ អាជ្ញាធរកំពុងដុតដៃដុតជើងគ្រប់ច្រកទាំងអស់ មិនថាដីគោក ឬផ្លូវទឹក ហើយមន្ដ្រីឆ្លើយតបបន្ទាន់របស់យើងនៅតាមព្រំដែន បានប្រុងត្រៀមជាស្រេច»។
ជាមួយគ្នានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានដាក់បទបញ្ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានទាំងអស់ ក្នុងខេត្តរបស់ខ្លួនដែលជាប់ព្រំដែនជាមួយថៃ ត្រូវស្រាវជ្រាវរកជនជាតិនីហ្សេរីយ៉ា ដែលមានភិនភាគដូចរូបដែលបានចែកចាយ ក្រោយទទួលបានព័ត៌មានថា បុរសរូបនេះបានរត់គេចខ្លួនពីប្រទេសថៃ ក្រោយរកឃើញជំងឺអុតស្វា ហើយចូលមកប្រទេសកម្ពុជា។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ថៃបានប្រកាសពីការរកឃើញជាលើកដំបូង នៃករណីជំងឺអុតស្វានៅក្នុងប្រទេសខ្លួន ប៉ុន្តែអ្នកជំងឺ ដែលជាបុរសជនជាតិនីហ្សេរីយ៉ាអាយុ២៧ឆ្នាំម្នាក់ បានរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលដំណឹងនៃលទ្ធផលធ្វើតេស្តវិជ្ជមាន។
ករណីខាងលើត្រូវបានរកឃើញ នៅលើកោះទេសចរណ៍ ភូកេត កាលពីចុងសប្តាហ៍មុន នៅពេលអ្នកជំងឺ បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យឯកជនមួយកន្លែង ដោយមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺអុតស្វា។ បើតាមក្រុមមន្រ្តីសុខាភិបាលថៃ ខាងមន្ទីរពេទ្យ បានយកសំណាកពីអ្នកជំងឺ ដើម្បីទៅធ្វើតេស្តក្នុងមន្ទីរពិសោធ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ បន្ទាប់មក នាយប់ថ្ងៃចន្ទសប្តាហ៍នេះ លទ្ធផលចេញមកបង្ហាញថា វិជ្ជមាន។
អាជ្ញាធរសុខាភិបាលកោះភូកេត បានឲ្យដឹងថា ក្រោយទទួលដំណឹងនៃលទ្ធផលធ្វើតេស្ត អ្នកជំងឺបានបដិសេធទទួលការព្យាបាល ហើយបិទទូរស័ព្ទរបស់ខ្លួន លែងឲ្យមន្ទីរពេទ្យទាក់ទងបាន។ បុរសជនជាតិនីហ្សេរីយ៉ារូបនោះ បានចូលមកដល់ប្រទេសថៃ តាំងតែពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ហើយបានស្នាក់នៅខុនដូមួយកន្លែង ក្នុងក្រុងផាតុង (Patong) នៃកោះភូកេត ចាប់ពីខែវិច្ឆិកា ឆ្នាំមុន រហូតមក៕