(ភ្នំពេញ)៖ ក្រោយមានការចូលរួមផ្សព្វផ្សាយយ៉ាងផុសផុល លើបណ្តាញផ្សព្វផ្សាយសារព័ត៌មាន និងតាមរយៈ Page ផ្សេងៗ ជាពិសេស Facebook Page របស់ក្រសួងអប់រំ យុវជននិងកីឡា ស្តីពីការហាមឃាត់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន សហការជាមួយក្រុមហ៊ុនថ្នាំជក់គ្រប់រូបភាព ដើម្បីជាការចូលរួមទប់ស្កាត់កុំឱ្យយុវជន និងសិស្សានុសិស្ស មានការពាក់ព័ន្ធជានឹងថ្នាំជក់ គេសង្គេតឃើញមានក្រុមយុវជនជាច្រើន បាននាំគ្នាបង្ហោះ Hastages គាំទ្រ និងស្នើសុំឱ្យមានការដំឡើងពន្ធថ្នាំជក់ ដើម្បីឱ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ថ្នាំជក់បន្តទៀត។
យុវជននៅលើបណ្តាញសង្គម Facebook បានបង្ហោះជា Hashtages ដែលមានខ្លឹមសារដូចជា៖ គណនី Facebook ឈ្មោះ Sreng Srey Nang បានបង្ហោះដូចនេះថា ចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នាតាមរយៈការប្រើ hashtags: #ខ្ញុំគាំទ្រការដំឡើងពន្ធថ្នាំជក់ #ដំឡើងពន្ធថ្នាំជក់សង្គ្រោះជីវិត # មិនត្រូវសហការជាមួយឧស្សាហកម្មថ្នាំជក់។ គណនី Facebook ឈ្មោះ Sok Sophos បានបង្ហោះដូចនេះថា #ខ្ញុំគាំទ្រការដំឡើងពន្ធថ្នាំជក់ #ដំឡើងពន្ធថ្នាំជក់សង្រ្គោះជីវិត #មិនត្រូវសហការជាមួយក្រុមហ៊ុនថ្នាំជក់ We can do it! ។
គណនី Facebook ឈ្មោះ Sophearom Nunn បានបង្ហោះដូចនេះថា អបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ (៣១ ឧសភា ២០២២)។ ថ្នាំជក់ និងសុខភាពសួត #ខ្ញុំគាំទ្រការដំឡើងពន្ធថ្នាំជក់ #ដំឡើងពន្ធថ្នាំជក់សង្រ្គោះជីវិត #មិនត្រូវសហការជាមួយក្រុមហ៊ុនថ្នាំជក់ឡើយ។ គណនី Facebook ឈ្មោះ អេង គិមយូ បានបង្ហោះដូចនេះថា #ខ្ញុំគាំទ្រការដំឡើងពន្ធថ្នាំជក់ #ដំឡើងពន្ធថ្នាំជក់សង្រ្គោះជីវិត #មិនត្រូវសហការជាមួយក្រុមហ៊ុនថ្នាំជក់ឡើយ ចូលរួមជាមួយពួកយើង ដើម្បីការពារសង្គមនិងពិភពលោកពីផ្សែងកង្វក់។
គណនី Facebook ឈ្មោះ Savda Thai បានបង្ហោះដូចនេះថា ថ្ងៃនេះខ្ញុំបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការណែនាំការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់. #ខ្ញុំគាំទ្រការដំឡើងពន្ធថ្នាំជក់ #ដំឡើងពន្ធថ្នាំជក់សង្រ្គោះជីវិត #មិនត្រូវសហការជាមួយក្រុមហ៊ុនថ្នាំជក់ឡើយ។ រួមទាំងមានគណនី Facebook ជាច្រើនរូបទៀតបានបង្ហោះសារគាំទ្រដូចនេះជាច្រើនទៀតផងដែរ។
យុវជន សុង ឌៀរ៉ាក់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដូចផ្ដើមឱ្យមានការដំឡើងពន្ធថ្នាំជក់នេះ ដោយហេតុថា បច្ចុប្បន្ននេះពន្ធថ្នាំជក់នៅកម្ពុជា នៅមានកម្រិតទាប ដែលពន្ធទាបបែបនេះនឹងជម្រុញឱ្យមានអ្នកប្រើប្រាស់ច្រើន ហើយអ្នករងគ្រោះក៏ច្រើន។ ផ្ទុយទៅវិញបើពន្ធថ្នាំជក់ឡើង នោះចំណូលពន្ធរដ្ឋក៏កើនឡើង ហើយអត្រាអ្នកស្លាប់ ពិការភាព និងប្រើប្រាស់ថ្នាំជក់ក៏ថយចុះផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា តែងតែបានរៀបចំយុទ្ធនាការ និងវេទិកាផ្សព្វផ្សាយផ្សេងៗ ពាក់ព័ន្ធ នឹងការហាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន សហកាគ្រប់រូបភាពជាមួយក្រុមហ៊ុនថ្នាំជក់ និងទាមទារឱ្យមានការដំឡើងពន្ធថ្នាំជក់ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនជៀសឆ្ងាយពីការប្រើប្រាស់ថ្នាំជក់ផងដែរ។
សូមជម្រាបដែរថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក៏បានសេចក្ដីណែនាំ ស្តីពី ការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់ និងធ្វើការណែនាំដល់អង្គភាពចំណុះក្រសួងសាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងសាធារណៈនិងឯកជន ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖
ទី១៖ ត្រូវកំណត់និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្តីពីការហាមឃាត់ការប្រើប្រាស់ ការបង្ហុយផ្សែង ផលិតផលថ្នាំជក់គ្រប់ប្រភេទ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅជុំវិញខាងក្រៅបរិវេណ និងក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។
ទី២៖ ត្រូវអនុវត្តដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើការអប់រំ ផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធគ្រោះថ្នាក់បង្ក ដោយការប្រើប្រាស់ ការហឺតផ្សែងផលិតផលថ្នាំជក់គ្រប់ប្រភេទ។
ទី៣៖ មិនត្រូវចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយជាអាទិ៍សកម្មភាព សប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬសិក្សាស្រាវជ្រាវ។
ទី៤៖ មិនត្រូវទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សហករថ្នាំជក់ ដើម្បីគាំទ្រដល់សកម្មភាពអប់រំតាមគ្រប់រូបភាព។
ទី៦៖ មិនអនុញ្ញាតឱ្យផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សហករថ្នាំជក់។
ទី៧៖ ត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព។ ចំពោះគ្រឹះស្ថានសិក្សាត្រូវបញ្ឈប់កិច្ចសហការ សកម្មភាពផ្សព្វផ្សាយសាធារណៈនិងឯកជនណាដែលអនុវត្តផ្ទុយពីខ្លឹមសារខាងលើជាបន្ទាន់ និងកែតម្រូវឱ្យស្របតាមស្មារតីនៃសេចក្ដីណែនាំនេះ៕