(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) ប្រកាសបើកវគ្គបណ្តុះបណ្តាលពង្រឹងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដោយរំលឹកឡើងវិញនូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ខណៈជំនាញនេះមានការធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ-១៩។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នាថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសណ៍កម្ពុជា បានលើកឡើងថា ការជួបជុំនៅពេលនេះ ដើម្បីផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាលពង្រឹងនូវសមត្ថភាពចំណេះជំនាញមានស្រាប់ ដែល CATA បានទទួលហិរញ្ញប្បទានពីក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីផ្សព្វផ្សាយទៅដល់ម្ចាស់សហគ្រាស ជាប្រតិបត្តិករទេសចរណ៍គ្រប់ផ្នែក មានមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ ខាងបដិសណ្ឋារកិច្ច និងស៉្បា ដើម្បីទទួលការបណ្តុះបណ្តាលជំនាញឡើងវិញ។
លោកស្រីបន្តថា ខេត្តសៀមរាបក្នុងអំឡុងពីរឆ្នាំកន្លងមកនេះ បុគ្គលិកទេសចរណ៍ដែលមានជំនាញទេសចរណ៍បានចាកឆ្ងាយពីជំនាញរបស់ពួកគាត់ ទៅធ្វើការផ្សេងៗដើម្បីដោះស្រាយបញ្ហាក្រពះ។ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ហើយបានដោះចេញនូវវិធានការរឹតត្បិតទាំងអស់ ទីភ្នាក់ងារទេសចរណ៍ ក៏បានចាប់ផ្ដើមទទួលភ្ញៀវទេសចរឡើងវិញជាបណ្ដើរៗផងដែរ តែបញ្ហានៅពេលទេសចរចាប់ផ្តើមត្រឡប់មកវិញ យើងមានបញ្ហាកង្វះអ្នកជំនាញទៅវិញ។
ទន្ទឹមនឹងនោះ លោកស្រី ឆាយ ស៊ីវលីន បានបន្តថា វគ្គបណ្តុះបណ្តាលពង្រឹងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញនាពេលនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់ខាងផ្នែកបដិសណ្ឋារកិច្ចចំនួនជាង២០ថ្ងៃ ហើយចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ បានទទួលវគ្គបណ្តុះបណ្តាលចំនួន៥ថ្ងៃ។ វគ្គបណ្តុះបណ្តាលនេះ គឺសំដៅទៅលើការពង្រឹងជំនាញដែលមានស្រាប់តែប៉ុណ្ណោះ។ ក្នុងគម្រោងសាកល្បងនេះ នឹងផ្ដល់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមចំនួនជាង១ពាន់នាក់ ហើយប្រសិនបើគម្រោងបានជោគជ័យ មានការគាំទ្រ និងចូលរួមច្រើន CATAនឹងស្នើទៅក្រសួងសេដ្ឋកិច្ច ដើម្បីរៀបចំគម្រោងបន្តទៀត។
សូមរំលឹកថា វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែសីហា និងចូលរៀនពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដែលធ្វើឡើងនៅសណ្ឋាគារស្ដារីអង្គរ។ ក្រៅពីទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា សិក្ខាកាមក៏ទទួលបានថវិកាឧបត្ថម្ភសម្រាប់វគ្គទាំងនេះផងដែរ៕