(ភ្នំពេញ)៖ លោក ថៃ ស៊ុស៊ុមុ ជាជនជាតិជប៉ុនមួយរូប ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងកាលពីជាង២០ឆ្នាំមុន។ តែដោយសារតែមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាមួយប្រទេស និងប្រជាជនកម្ពុជានោះ ក៏បានធ្វើឱ្យបុរសជនជាតិជប៉ុនរូបនេះ បានចេញចូលប្រទេសកម្ពុជាជាញឹកញាប់នាពេលបច្ចុប្បន្ន។
មនោសញ្ចេតនាដ៏ជ្រាលជ្រៅជាមួយប្រទេស និងប្រជាជនកម្ពុជា ក៏បានធ្វើឱ្យលោក ថៃ ស៊ុស៊ុមុ បានស្ម័គ្រចិត្តធ្វើជាកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំក្រុងសេនដាយ ប្រទេសជប៉ុន ដើម្បីជួយសម្របសម្រួលលើការងារវិនិយោគរវាងអ្នកវិនិយោគជប៉ុន នៅក្រុងសេនដាយ ជាមួយប្រទេសកម្ពុជាថែមទៀតផង។
ក្នុងដំណើរចេញចូលប្រទេសកម្ពុជារវាងកាលពីជាង២០ឆ្នាំមុន និងពេលបច្ចុប្បន្ន បានធ្វើឱ្យលោក ថៃ ស៊ុស៊ុមុ មានការភ្ញាក់ផ្អើលខ្លាំងចំពោះការរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា។ បុរសជនជាតិជប៉ុនរូបនេះ បានចាត់ទុកស្ថានភាពរបស់កម្ពុជា ដែលលោកឃើញកាលពីជាង ២០ឆ្នាំមុន និងពេលបច្ចុប្បន្នប្រៀបដូចជាប្រទេសពីរផ្សេងគ្នា។
លោក ថៃ ស៊ុស៊ុមុ បានលើកឡើងយ៉ាងដូច្នេះថា «បើតាមរយៈនៃដំណើររបស់ខ្ញុំមកកាន់ប្រទេសកម្ពុជា ដែលមកដល់ពេលនេះមានរយៈពេលប្រមាណជា ២០ឆ្នាំហើយ។ ខ្ញុំបានសង្កេតឃើញថា កាលពី២០ឆ្នាំមុន ប្រទេសកម្ពុជា ខ្ញុំមិនទាន់ចុះដល់ដីប្រទេសកម្ពុជាទេ តែខ្ញុំបានមើលកម្ពុជាពីបង្អួចយន្តហោះ ខ្ញុំឃើញថា កម្ពុជាងងឹតឈឹងកាលពីជាង ២០ឆ្នាំមុន។ ងងឹតឈឹងមិនដឹងថា ចុះកន្លែងណា? ទីក្រុងនៅកន្លែងណាទេ? ប៉ុន្តែបើប្រៀបធៀបនឹងពេលបច្ចុប្បន្ន ដូចជាប្រទេសពីរដាច់ដោយឡែកពីគ្នាអ៊ីចឹង»។
លោក ថៃ ស៊ុស៊ុមុ ក៏បានកត់សម្គាល់លើបញ្ហាសន្តិសុខផងដែរ។ លោកបានលើកឡើងថា បញ្ហាសន្តិសុខរវាងកាលពីជាង២០ឆ្នាំមុន និងពេលបច្ចុប្បន្ននេះ មានខុសប្លែកគ្នាឆ្ងាយណាស់។
«កាលនោះខ្ញុំចុះដល់ប្រទេសកម្ពុជាភ្លាម គឺឮមានចោរកម្ម មានអសន្តិសុខ បាញ់បោះកន្លែងនេះកន្លែងនោះ។ កាលពី២០ឆ្នាំមុន ខ្ញុំដល់ភ្នំពេញ គឺមានហេតុការណ៍ចោរកម្មច្រើនដែរ អ្នកបកប្រែខ្ញុំអី មិនហ៊ាននាំខ្ញុំខេញទៅក្រៅសណ្ឋាគារប៉ុន្មានទេ ព្រោះខ្លាចមានអំពើចោរកម្មកើតឡើង។ អ៊ីចឹងបើប្រៀបធៀបមកពេលបច្ចុប្បន្ននេះ យើងមានសុខសន្តិភាពផ្លូវចិត្តហ្នឹងច្រើន ច្រើនជាងមុនឆ្ងាយណាស់»។ នេះជាការបញ្ជាក់របស់លោក ថៃ ស៊ុស៊ុមុ។
លោក ថៃ ស៊ុស៊ុមុ បានកត់សម្គាល់ថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនបរទេស ធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព ទៅមកធម្មតា ដូចប្រទេសដទៃទៀតដែរ។ លោក បានមើលឃើញទៀតថា ទាក់ទងនឹងអគារ ពីមុនអគារខ្ពស់ៗ លោកឃើញមានតែវត្តភ្នំ និងអគារកាណាឌីយ៉ាប៉ុណ្ណោះ។ ប៉ុន្តែឥឡូវមានអគារពាណិជ្ជកម្មខ្ពស់ៗជាច្រើន ដែលជារបស់អ្នកវិនិយោគបរទេសក៏មាន អ្នកក្នុងស្រុកក៏មាន។
លោក បានអះអាងបែបនេះ «បើនិយាយពី២០ឆ្នាំមុន និងឥឡូវ ខ្ញុំនិយាយថាខុសប្លែកដូចប្រទេសពីរដោយឡែកពីគ្នាអ៊ីចឹង។ អ៊ីចឹងយើងមានអ្វីៗខុសពីមុនច្រើនណាស់ នេះបញ្ជាក់ថា ដោយសារការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចតេជោ ដែលលោកបានរក្សាសន្តិភាព សន្តិសុខសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត។ រក្សាស្ថេរភាពទាំងអស់នេះហើយ ទើបអាចឱ្យអ្នកវិនិយោគគេក្រឡេកមកឃើញឱកាសវិនិយោគនៅកម្ពុជា។ នេះជាគោលនយោបាយពង្រីកសេដ្ឋកិច្ចដ៏ល្អរបស់សម្តេចតេជោ»៕