(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគាំទ្រឲ្យមានកិច្ចសហការណាមួយរវាងក្រុមហ៊ុន ខ្មែរហ្វឺស អ៉ិនវេសមេន ហូលឌីង គ្រុប និងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានព្យាបាលជំងឺដោយប្រើប្រាស់ឱសថបុរាណចិន។
កិច្ចគាំទ្រខាងលើនេះ លោកអភិបាលខេត្តបានលើកឡើងនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន ខ្មែរហ្វឺស អ៉ិនវេសមេន ហូលឌីង គ្រុប ជួបសម្ដែងការគួរសមនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។
ទាក់ទងទៅនឹងកិច្ចពិភាក្សាខាងលើនេះដែរ អភិបាលខេត្តកំពង់ចាមបានសុំអនុញ្ញាតស្នើសុំទៅក្រសួងសុខាភិបាលជាមុនសិន ដោយហេតុថាមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាមជាអ្នកគ្រប់គ្រងបុគ្គលិក ប៉ុន្តែទាក់ទងទៅនឹងឱសថប្រើប្រាស់ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងអនុញ្ញាតដោយក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ដើម្បីឱ្យដំណើរការនេះទៅដោយរលូនខាងក្រុមហ៊ុនជាមួយនឹងអាជ្ញាធរក្រុងកំពង់ចាម ត្រូវមានការសិក្សាត្រួតពិនិត្យទៅលើទីតាំង និងការបំពាក់ឧបករណ៍សុខាភិបាល ដើម្បីពិនិត្យនិងព្យាបាលប្រភេទជម្ងឺអ្វីខ្លះជូនប្រជាពលរដ្ឋរបស់ពេទ្យជំនាញបុរាណចិន។
សូមជម្រាបថា ក្រុមហ៊ុន ខ្មែរហ្វឺស អ៉ិនវេសមេន ហូលឌីង គ្រុប បានសហការជាមួយក្រុមហ៊ុន Phnom Penh Wenyi Trading Co., Ltd បានបង្កើតមន្ទីរពេទ្យមិត្តភាពភ្នំពេញ (ឯកទេសឱសថបុរាណចិន) នៅរាជធានីភ្នំពេញ ហើយមន្ទីរពេទ្យមិត្តភាពភ្នំពេញមានបំណងធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកឱសថបុរាណជាមួយនឹងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីផ្ដល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋឱសថបុរាណខ្មែរ និងចិនឱ្យកាន់តែមានភាពសន្សំសំចៃ៕