(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈដែលជំងឺកូវីដ១៩បំប្លែងថ្មីកំពុងរីករាលដាល។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះជួបសំណេះសំណាលជាមួយអាជីវករនៅផ្សារកំពង់ធំ។ ក្នុងឱកាសនោះដែរលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវី១៩ឲ្យបានគ្រប់ៗគ្នា និងបង្កើនការប្រុងប្រយ័ត្នពីបញ្ហាសុខភាព។
លោកបន្តថា ការទទួលយកវ៉ាក់សាំងការពារជំងឺកូវី១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ពិតជាមានតម្លៃដល់ការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងគ្រប់ៗគ្នារបស់ប្រជាពលរដ្ឋទៅតាមវិធានការសុខាភិបាលបានធ្វើឲ្យប្រទេសកម្ពុជាអាចទប់ស្កាត់បាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរទៅកាន់សហគមន៍។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានលើកលែងកាតព្វកិច្ចពាក់ព័ន្ធ ដើម្បីកាត់បន្ថយការប្រើប្រាស់ថវិកាទៅលើម៉ាស់ និងអាចយកថិវកានេះ ទៅប្រើប្រាស់សម្រាប់ទិញម្ហូបអាហារផ្គត់ផ្គង់គ្រួសារឬសម្រាប់យកទៅផ្គត់ផ្គង់ការសិក្សារបស់កូនៗផងដែរ។
ទន្ទឹមនេះកម្ពុជាក៏បានបើកប្រទេសឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញទាំងច្រកព្រំដែន និងអាចប្រារព្ធកម្មវិធីផ្សេងៗផងដែរ។ បើទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តជំរុញដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តយកចិត្តទុកដាក់បំផុតលើការចាក់វ៉ាក់សាំងដូសជំរុញទៅតាមការកំណត់។ វ៉ាក់សាំងនេះមិនត្រឹមតែអាចជួយខ្លួន និងគ្រួសារជៀសផុតការឆ្លងធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាការចូលរួមថែសុខភាពសាធារណៈជួយបើកឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ជាពិសេសជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញពលរដ្ឋល្អក្នុងសង្គមផងដែរ។
ជាមួយនេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែនបានលើកឡើងដែរថា ក្នុងនាមអាជ្ញាធរក្រុងស្ថិតក្រោយការចង្អុលបង្ហាញពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបាននិងកំពុងជំរុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀតឲ្យទៅចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍។
លោកអភិបាលក្រុងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះការរស់នៅ ជាពិសេសកូនតូចៗក្នុងរដូវទឹកឡើងដើម្បីជៀសផុតពីការគ្រោះថ្នាក់ជាយថាហេតុ៕